ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានបើកកិច្ច ប្រជុំពិភាក្សា ដោះស្រាយកង្វល់ និងផល ប៉ះពាល់នានា ជាមួយប្រជាពលរដ្ឋមកពី ២២ក្រុម ក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ព្រឹកថៃ្ងអង្ការ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។
ក្នុងកិច្ចពិភាក្សា កង្វល់របស់ប្រជាពលរដ្ឋ ដែលបានមកចូលរួមមាន ២២ក្រុម មកពី ២ក្រុង និង ៣ស្រុក នៃខេត្តព្រះ សីហនុ ពួកកាត់បានលើកឡើងបញ្ហាស្រដៀងគ្នា គឺសុំចេញបណ្ណសំគាល់ម្ចាស់អចលនវត្ថុ ដែលមន្ត្រីជំនាញបានចុះវាស់វែងនាពេលកន្លងមក និងបញ្ហាផ្សេងៗមួយចំនួនទៀត ។ ដោយឡែកខាងអង្គការ CNRO បានស្នើសុំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យបញ្ហាការចាក់ដីចូលសមុទ្រ កាកាប់បំផ្លាញព្រៃកោងកាង ដីព្រៃឧទ្យាន ជាតិរាម ជាដើមធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ ។ ល ។ ។
លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តបានទទួលឯកសាររបស់ប្រជាពលរដ្ឋទាំង ២២ក្រុម និងសន្យាធ្វើការដោះស្រាយម្តងមួយៗ ព្រោះបើយើងដោះមួយកញ្ចប់តែម្តង មិនអាចធ្វើបានទេ ។ ចំពោះរឿងដែលចូលដល់ប្រពន្ធតុលាការ រដ្ឋបាលខេត្តមិនមានសិទ្ធិនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរកមេធាវី ដើម្បីការពារក្តី ។ ទន្ទឹមនោះអភិបាលខេត្តព្រះ សីហនុ សុំការយោគយល់ពីប្រជាពល រដ្ឋ សូមមានការអត់ធ្មត់ ក្នុងការដោះស្រាយ ព្រោះយើងជ្រើសរើសយកកិច្ចការណាសំខាន់មកធ្វើការដោះស្រាយចំពោះមុខ ហើយនៅមានឯកសារជាច្រើនទៀត ដែលរដ្ឋបាលខេត្តត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់ ។
លោកអភិបាលខេត្ត បានសំណូមពរបងប្អូនប្រជាពលរដ្ឋ កុំចូលកាន់កាប់ដីព្រៃរបស់រដ្ឋ និងដីឯកជនដោយខុសច្បាប់ ហើយក៍មិនអនុញ្ញាត្តឱ្យមានការចាប់ដីរដ្ឋដោយខុសច្បាប់នោះដែរ ។ មន្ត្រីរបស់យើងជាអ្នកបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាចំបងក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកការអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើន និងជួយកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕ ឆ្លាម សមុទ្រ