ព័ត៌មានទាន់ហេតុការណ៍៖

ខឹងនគរបាលប្រាប់កុំផឹក ឡូឡាវាយខៀវភ្នែក

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ផឹកស្រាក្លាសម្តីស្រែកឡូឡាពេលនគរបាលទៅប្រាប់កុំឲ្យស្រែកលឺពេកស្រាប់តែស្ទុះវាយនគរបាលខៀវភ្នែកទើបឃាត់ខ្លួនយកទៅសួរនាំ​ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅដីឡូត៍មួយកន្លែងក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ជនដៃដល់សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សា សី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិពងទឹក ឃុំរកា៥ ស្រុកត្បូង ខេត្តត្បូងឃ្មុំ ។ ដោយឡែកបុរសម្នាក់ទៀត ប៉ូលិសហៅទៅសួរដែរនោះ ឈ្មោះ នឹប មាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្បែងកន្លែងកើតហេតុ មានស្រុកកំណើត ភូមិត្រពាំងប្រកា ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនដៃដល់រួមជាមួយ មិត្តភ័ក្ររួមការងារ គ្នា៣នាក់ អង្គុយផឹកនៅរោង មួយកន្លែង ជាកន្លែងគេធ្វើការ ការដ្ឋានសំណង់ផ្សេង លុះមួយស្ទុះក្រោយមក មាន២នាក់ ងើបទៅធ្វើការបាត់ នៅតែជនដៃដល់ម្នាក់ឯង អង្គុយផឹកបន្ត ស្រែកឡូឡា រំខានដល់កន្លែងគេធ្វើការ លុះនៅវេលាម៉ោងខាងលើ គាប់ជួនកម្លាំងប៉ុស្តិ៍ល្បាតឃើញ ដើរទៅប្រាប់កុំឡូឡា ជៀសវាង រំខានដល់អ្នកដទៃ ស្រាប់តែជនបង្កស្ទុះវាយមួយដៃ ខៀវភ្នែកប៉ូលិស ចាប់ឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ និងហៅបុរសម្នាក់ទៀត ជាអ្នករួមផឹកជាមួយកាលពីព្រឹក ទៅសាកសួរផងដែរ តែគាត់មិនមែនដៃឆៅនោះទេ ។

មន្ត្រីនគរបាលរងរបួស ឈ្មោះ ស្វាយ ជុំសាគរ មន្ត្រីនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ករណីបង្កហឹង្សាមកលើសមត្ថកិច្ច ជនដៃដល់ត្រូវបានឃាត់ខ្លួន នាំទៅសាកសួរ នៅប៉ុស្តិ៍ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕សុខាសែនជ័យ​


ចែករំលែក៖