ភ្នំពេញ៖ អតីតតារាកំប្លែងមុល សារឿន ហៅនាយ តាក់ស៊ី ដែលបានសម្រេចចិត្តសាងផ្នួស និងបម្រើក្នុងវិស័យព្រះពុទ្ធសាសនាមិនទាន់បាន២ខែផងនោះស្រាប់តែពេលនេះបានសាចាកសិក្សាបទហើយ បន្ទាប់ពីមិនអាចទ្រាំទ្រនឹងស្ថានភាពជំងឺរ៉ាំរ៉ៃបាន ។ មិនអាចវិលទៅសាងភ្នួស គ្មានទនធានជាប់ខ្លួន ពេលនេះនាយបានសម្រេចចិត្តវិលរកការសម្តែងកំប្លែងជាថ្មីក្រោមការផ្តល់ឱកាសពីអ្នកផលិតកម្មវិធីទូរទស្សន៍ CTNលោក សុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រ ។
ដើមឡើយ តារាកំប្លែងនាយតាក់ស៊ីបានសម្រេចចិត្តបួសជារៀងរហូតចាប់តាំងពី ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩នេះនៅវត្ត ដងទង់ ស្រុកថ្ពងនៃខេត្តកំពង់ស្ពឺ ។ លោកបានចែកផ្លូវជាមួយភរិយាហើយ ដោយប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យទៅប្រពន្ធ ហើយលោក និងប្រពន្ធមិនបានចុះអេតាស៊ីវិលជាមួយគ្នានោះទេ ដោយគិតថាខ្លួននឹងបួសអស់មួយជីវិត តែមិនគួរណាមានបញ្ហាសុខភាពបែបនេះសោះ ។ ប៉ុន្តែសប្តាហ៍មុននេះ អតីតតារាកំប្លែងនាយ តាក់ស៊ីត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុសុមៈ បន្ទាប់ពីជំងឺធ្វើទុក្ខខ្លាំង ។ អតីតតារាកំប្លែង នាយតាក់ស៊ីបានសម្រេចចិត្តលាចាកសិក្ខាបទកាលពីថ្ងៃទី០៥ខែសីហានេះ បន្ទាប់ពីស្ថានភាពជំងឺដុនដាប ហើយតម្រូវឲ្យលាចាកសិក្ខាបទ និងបញ្ជូនមកកាន់មន្ទីរពេទ្យ ។ ទោះជាយ៉ាងណាក្រោយពេលស្ថានភាពជំងឺធូរស្រាលបន្តិចនោះ លោកទទួលបានការអាណិតខ្លាំងពីអ្នកគាំទ្រ និងស្នើឲ្យលោកវិលរកការសម្តែងជាថ្មីព្រោះតែគេដឹងថាការសម្តែងរបស់នាយមានជំនាញស្រាប់ និងមិនចំណាយកម្លាំងខ្លាំងដែលនាំឲ្យប៉ះពាល់ដល់សុខភាពនោះ ។ ពេលនេះតារាកំប្លែងរូបនេះបានវិលទៅសម្តែងកំប្លែងជាថ្មីនៅទូរទស្សន៍ CTN នេះបើតាមការបញ្ជាក់របស់លោក សុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រ ។
លោកស្នើឲ្យទស្សនិកជនមួយចំនួនកុំសើចកុំយំអីព្រោះពេលនេះនាយតាក់ស៊ីនៅសស់ទ្រព្យត្រឹមមួយវ៉ាលីតែប៉ុណ្ណោះ ដែលឃើញហើយគឺពិតជាអាសូរ ។ លោកថានៅថ្ងៃទី១៣ខែសីហានេះលោកបានហៅនាយតាក់ស៊ីមកថតកម្មវិធីជាថ្មីគឺកម្មវិធី “គ្រួសារពីរ” របស់ទូរទស្សន៍ CTN ។
គួរបញ្ជាក់ថា នាយតាក់ស៊ី ធ្លាប់ឆ្លងកាត់ជីវិតជាក្មេងកំព្រាឪពុក ដើររើសអេតចាយ តែនាយខំតស៊ូ រហូតបានក្លាយជាតារាកំប្លែងល្បីឈ្មោះ បន្ទាប់ពីបានប្រឡងជាប់ទាំងពីរនាក់ប្តីប្រពន្ធ ក្នុងក្រុមកំប្លែង CTN នៅឆ្នាំ២០០៩-២០១០ ហើយក៏បានដូរឈ្មោះពី មុល សារឿន មកនាយតាក់ស៊ី ឯភរិយាប្តូរឈ្មោះពី សុភាន់ មកជានាង ភីម ។ នាយតាក់ស៊ី មានស្រុកកំណើតនៅភូមិវត្តរំដួល ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅភូមិវត្តកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដែលជាស្រុកកំណើតភរិយា ។ នាយបានរៀបការនៅឆ្នាំ២០០៦ សព្វថ្ងៃមានកូនប្រុសម្នាក់ផងដែរ ៕ វឌ្ឍនា