ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅក្រោមរថយន្ត ចំណែក២នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្តដឹកខ្សាច់ បើកលឿនបុកម៉ូតូរបស់ជនរងគ្រោះពីក្រោយបណ្តាលឲ្យគាបជាប់ខាងក្រោម រថយន្តអូសប្រមាណជាង៤០ម៉ែត្រ ទើបអស់ល្បឿនហើយអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១១ និង២០នាទីថ្ងៃត្រង់ទី១៣ខែសីហា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវបេតុង ក្នុងបុរីហាយលែន ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ រស់ បន អាយុ៥៥ឆ្នាំ រស់នៅឃុំរាមស្រុករមាសហែក ខេត្តស្វាយរៀង ជាកម្មករសំណង់ ក្នុងបុរីហាយលែន បើកម៉ូតូម៉ាក ហុងដាឌ្រីម ០១៦ពាក់ស្លាកលេខ ស្វាយរៀង 1I-6881 ជិះគ្នាបីនាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត ដែលបង្កគ្រោះថ្នាក់នោះម៉ាក ដេវូពណ៌ស គ្មានស្លាកលេខ ជាប្រភេទយីឌុបដឹកខ្សាច់ បើកបរ ដោយបុរសម្នាក់បានរត់គេចខ្លួនបាត់ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះបើកម៉ូតូឌុបគ្នា៣នាក់ ដោយក្មួយជនរងគ្រោះដែលស្លាប់ជាអ្នកឌុបកូនជនរងគ្រោះអង្គុយពីក្រោយជនរងគ្រោះស្លាប់ជិះកណ្តាល ធ្វើដំណើរតាមផ្លូវ បេតុងក្នុងបុរីហាយលែន ក្នុងទិសដៅពីជើងទៅត្បូង គោលបំណងទៅហូបបាយថ្ងៃត្រង់ ពេលមកដល់កន្លែងកើតហេតុមានរថយន្តមួយគ្រឿងធ្វើដំណើរស្របគ្នា មកបុកពីក្រោយហើយ កិនម៉ូតូគាបជាប់ក្រោមរថយន្ត អូសប្រមាណជាង៤០ម៉ែត្រ បណ្តាលឲ្យស្លាប់ក្រោមរថយន្ត និងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បន្ទាប់ពីសមត្ថកិច្ចចុះទៅវាស់វែងនៅកន្លែងកើតហេតុបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ជ្រោយពេជ្រ