ខេត្តបន្ទាយមានជ័យ៖ សប្បាយក្លាយជាទុក្ខ ឪពុកម្ដាយជាប់រវល់ឡើងគេហដ្ឋានថ្មីរបស់បងប្អូនទុកកូនចោល ធ្វើឲ្យក្មេងប្រុសស្រី២នាក់លង់ទឹកស្រះស្លាប់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
តាមការឲ្យដឹងពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ កុមារីរងគ្រោះទី១ ឈ្មោះ ជា ដាវរី ភេទស្រី អាយុ ៥ ឆ្នាំ មានឪពុកឈ្មោះ វណ្ណ សុជាតិ និងម្ដាយឈ្មោះ ដុក ធីតា មានទីលំនៅភូមិគោរដ្ឋានសង្កាត់អូរអំបិល ដែលជាម្ចាស់ផ្ទះកំពុងរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មី និងទី ២-ឈ្មោះត្រាំ សាន់ ភេទប្រុស អាយុ ៦ឆ្នាំ មានឪពុកឈ្មោះហេង ត្រាំ និងម្ដាយឈ្មោះង៉ាន់ លី មានទីលំនៅនៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវជាបងប្អូនមកចូលរួមកម្មវិធីឡើងគេហដ្ឋានថ្មី ។
នគរបាលមូលដ្ឋាន បានបញ្ជាក់ថា៖ មុនពេលកើតហេតុ ជិតចប់កម្មវិធីហើយនោះ ឪពុកម្ចាស់ផ្ទះ បានបាត់កូនក៏ដើររកៗមិនឃើញ ពេលនោះចុងភៅបាននិយាយប្រាប់ថា ឃើញក្មេងប្រុ-ស្រី ចំនួន២នាក់ ដើរទៅលេងនៅខាងក្រោយផ្ទះ ពេលនាំគ្នាដើរទៅរកក៏ស្រាប់ឃើញសពក្មេងទាំង២នាក់ លង់ទឹកស្លាប់នៅ ក្នុងស្រះខាងក្រោយផ្ទះ មិនដឹងតាំងពីពេលណានោះទេ ។
ក្រោយកើតហេតុកម្លាំងនគរបាលក្រុង និងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរអំបិល ចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ ក្មេងប្រុស-ស្រីទាំង២នាក់នោះគឺពិតជាលង់ទឹកមែន ។ ក្រោយពីពិនិត្យរួចបានប្រគល់សពជូនឪពុកម្តាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យបំផុត ៕ នីម វណ្ណា