ខេត្តរតនគិរី៖ មនុស្សបីនាក់រងរបួសធ្ងន់ និងស្រាលដោយសារជិះ និងបើកបរគោយន្តកន្ត្រៃតាឡេថង ត្រឡប់មកពីស្រែវិញដល់ចំណុចឡើងភ្នំមិនប្រយ័ត្ន អស់ប្រេងម៉ាស៊ុត ក៏រអិលថយក្រោយក្រឡាប់ដោយខ្លួនឯងតែម្តង ។
ហេតុការណ៍គ្រោះថ្នាក់គោយន្តតាឡេថង ថយក្រោយក្រឡាប់នោះ បានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវចូលទៅឃុំសេសាន ផ្លូវឡើងភ្នំ ក្រោយវត្ដប៉ក់ធំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ដរតនគីរី ។
តាមប្រភពបានឲ្យដឹងថា អ្នកបើកបរគោយន្តតាឡេថងនោះឈ្មោះ ប៉ូយ ទូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចារាយ រងរបួសស្រាល និង អ្នករួមដំណើពីរនាក់ទៀត ។ ទី១.ឈ្មោះ រចំ និក ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចារាយ រងរបួសធ្ងន់ត្រង់ចង្ក្រេះ និងក្បាល ។ ទី២.ឈ្មោះ ពូយ ជាតិ ភេទ ប្រុស អាយុ៦ឆ្នាំ ជនជាតិចារាយ រងរបួសធ្ងន់ ជើងខាងឆ្វេងដាច់ស្បែក និងសសៃកែង ទាំងបីនាក់ មានទីលំនៅភូមិប៉កធំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ដរតនគីរី ។
ក្រោយកើតហេតុ អ្នករងរបួសខាងលើត្រូវបងប្អូនជូនទៅព្យាបាលគ្រូបុរាណខ្មែរ នៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយាដាវ ៕ ជីវ័ន្ត