ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ត្រូវ បានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងជិះម៉ូតូត្រូវបុរសជនជាតិចិនម្នាក់បើករថយន្តឈប់កណ្តាលផ្លូវរួចបើកទ្វារថយន្តប៉ះម៉ូតូកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខណាហ្កា១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស RX 450 h ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE 5068 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏ឈប់កណ្តាលផ្លូវហើយបានបើកទ្វារចេញភ្លាមនោះស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1J 6715 ធ្វើដំណើរមកពីក្រោយក៏ប៉ះទ្វារបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់រថយន្តត្រូវបាននគរបាលនាំទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់រង់ចាំជំនាញមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ