ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យឈ្មោះ នួន វ៉ា ដែលបង្កើតហ្វេសប៊ុកប្រើរូបលោកមេធាវី ចៅ ប៊ុនហួន ឆបោកប្រាក់អ្នកដទៃ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជូនជនសង្ស័យឈ្មោះ នួន វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយប្រើរូបលោកមេធាវី ចៅ ប៊ុនហួន ជាមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីឆបោកប្រាក់អ្នកដទៃ ។

ជនសង្ស័យឈ្មោះ នួន វ៉ា បានឆាតទៅឆបោកប្រាក់គណនីហ្វេសប៊ុកឈ្មោះ Chumteav kolsokhom Tevi ដែលជាអ្នកមានស្តុកស្តម្ភមួយរូប ។ ប្រសិនបើមានបងប្អូនណា ចាញ់បោកជនឆបោករូបនេះ អាចមកដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចបាន ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រួមសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពីព្រះរាជរងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ បានឃាត់ខ្លួនត្រង់ចំណុចផ្លូវឌួងងៀប៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យ រូបនេះ បានបង្កើតគណនីក្លែងក្លាយ ឆបោកជំរិតទារប្រាក់អ្នកដទៃ និងប្រើឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីទៅគំរាមកំហែងយកផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ ។ ជនសង្ស័យបានសារភាពនូវទោសកំហុសដែលខ្លួនបានប្រព្រឹត្តផងដែរ ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែងដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់បណ្តាញសង្គមឲ្យមានការប្រុងប្រយ័ត្នក្នុងការទំនាក់ទំនង សន្ទនាជាមួយអ្នកដទៃ ឬមិត្តភក្តិ អ្នកដែលស្គាល់ត្រូវបញ្ជាក់ច្បាស់មុននឹងផ្តល់ព័ត៌មានផ្ទាល់ខ្លួនដូចជារូបភាពបុគ្គលដោយការលួងលោមមនោសញ្ចេតនាណាមួយ ឬផ្តល់លុយកាក់ជាថ្នូរនឹងអ្វីមួយឡើយ ចៀសវាងការចាញ់បោក នាំឲ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ៕ ចេស្តា


ចែករំលែក៖