ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ផ្លូវនៅសង្កាត់បារាយណ៍ ក្រុងដូនកែវ វេទនា​ខ្លាំងណាស់

ចែករំលែក៖

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ជាប់ទីរួមខេត្តតាកែវ រអ៊ូរទាំអំពីបញ្ហាផ្លូវ​ ដែល​ពិបាកធ្វើដំណើរជាយូរណាស់​មកហើយៗមិនឃើញមានអាជ្ញាធរជួយដោះស្រាយយ៉ាងណានោះឡើយ ។ គេឃើញមាន​គ្រឿងចក្រចុះទៅកាយផ្លូវនោះ អំឡុងឆ្នាំ២០១៧ម្តង ប៉ុន្តែ​បានដកគ្រឿងចក្រទៅវិញ ដោយមិនដឹងមូលហេតុ ។ ផ្លូវនេះរងការខូចខាត និងមិនបានជួសជុល​តាំងពីឆ្នាំ២០១៧នោះមក ។ ប្រជាពលរដ្ឋ រស់នៅតាមផ្លូវ ចាប់ពីគល់ស្ពានចុងថ្នល់ រហូតដល់ភូមិធន់មន់ បានរអ៊ូរទាំ​ចំពោះការលំបាកនេះ ។ យ៉ាងណាក៏ដោយ ពួកគាត់​បានត្រឹមតែរអ៊ូ នៅគ្រាដែលគេដឹងថា សូម្បីតែលោកចៅសង្កាត់បារាយណ៍ សុខចិត្តជិះវាងផ្លូវទៅសាលាសង្កាត់ ដោយមិន​ព្រម​ដោះស្រាយបញ្ហាផ្លូវនេះឡើយ ។

អ្នកភូមិដែលរស់នៅតាមបណ្តោយផ្លូវ ដែលខូចខាតមានចម្ងាយប្រហែល៤គីឡូម៉ែត្រ និយាយថា គឺមហាលំបាកខ្លាំងណាស់ បើនៅខែប្រាំងហុយបែកផ្សែង គ្រាន់តែធ្វើដំណើរ​ប្រមាណ​១០០ម៉ែត្រ គឺត្រូវធូលីដីហុយគ្រប​ក្បាលមើលមិនឃើញ, ពាក់អាវស បែរទៅជាក្រហម… បើនិយាយពីខែវស្សាវិញ គឺជង្ហុកធំៗ ហើយឃើញអ្នកធ្វើដំណើររអិលដួលជាញឹកញាប់ ជាពិសេស​ពួកក្មេងៗជាសិស្ស​សាលា​ជិះកង់ទៅរៀននៅឯទីរួមខេត្តតាកែវ តែងតែរអិលដួលប្រឡាក់សម្លៀកបំពាក់ បណ្តាល​ឲ្យ​ខាត​បង់​ពេលវេលានៃការសិក្សា ។ ទំហំនៃ​ការជួសជុលផ្លូវនេះ ត្រូវបានគេអះអាងថា ទំនងជាមិនចំណាយប្រាក់ច្រើននោះទេ ប៉ុន្តែមិនដឹងជាហេតុអ្វីបានជាអាជ្ញាធរសង្កាត់ និង​ក្រុងដូនកែវ មិនព្រមជួយសម្រួល​ឲ្យផ្លូវនេះបានល្អប្រសើរដើម្បីជាប្រយោជន៍​ឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ។

ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះទទូច​ឲ្យថ្នាក់ជាតិជួយមើលដោះស្រាយការលំបាកអំពីបញ្ហាផ្លូវនេះផង ។ បើរំពឹងទៅលើថ្នាក់សង្កាត់ និងក្រុង គឺ​មិនអាចដោះស្រាយបានឡើយ ។ ពីរបីឆ្នាំហើយ ដែលផ្លូវនេះរងការខូចខាត លំបាកក្នុងការធ្វើដំណើរ រីឯលោកចៅសង្កាត់សុខចិត្តជិះ​ផ្លូវវាង​ទៅធ្វើការនៅសាលាសង្កាត់ ។ ចំណែកឯ​លោកអភិបាលក្រុងដូនកែវ មិនដែលអើតឈ្ងោកមើលអំពីការលំបាករបស់ប្រជាពលរដ្ឋនៅជាយក្រុងនោះឡើយ ។ ថ្វីបើសង្កាត់បារាយណ៍នៅជាប់​នឹងជាយក្រុង​ដូនកែវ​ក៏ពិតមែន ប៉ុន្តែអភិបាលខេត្ត​លោក អ៊ូច ភា មិនដែលធ្វើដំណើរឆ្លងកាត់ទីនោះទេ ទំនងជាមានគេប្រាប់ថា ផ្លូវវាលំបាក ទើបលោកមិន​ឆ្លងកាត់ទីនោះ ។ ដូច្នេះប្រជាពលរដ្ឋសំណូមពរ​ឲ្យក្រុមការងារថ្នាក់ជាតិជួយមើលផ្លូវប្រវែងកន្ទុយអណ្តើកនេះផង ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖