ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំភ្លើង​ Merapi បន្តផ្ទុះជាថ្មី ពលរដ្ឋរាប់ជាច្រើនត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ចែករំលែក៖

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរ​ក្នុងតំបន់​បានហាមប្រាមប្រជាជនឥណ្ឌូនេស៊ី​​មិនឲ្យមានសកម្មភាព​នៅជិតភ្នំភ្លើង ដែលកំពុងតែ បញ្ចេញកម្អែរ ។ ភ្នំភ្លើង​ ឈ្មោះថា Merapi ដែលធ្លាប់​ផ្ទុះ​សម្លាប់មនុស្សរាប់រយនាក់​កាលពីឆ្នាំ​២០១០នោះ បានចាប់ផ្តើកកម្រើកខ្លួន ជះចំហាយ​ក្តៅ​ទៅលើបរិយាកាស​ទៀតហើយ ។

អាជ្ញាធរឥណ្ឌូណេស៊ី បានហាមប្រាមប្រជាជន និងអ្នកដើរលេងមិនឱ្យធ្វើសកម្មភាពក្នុងចម្ងាយ ៣ គីឡូម៉ែត្រ ពីកំពូលភ្នំភ្លើង មេរ៉ាពី (Merapi) ដែលជាភ្នំភ្លើង ស្ថិតនៅរវាងខេត្ត Central Java និងខេត្ត Yogyakarta បន្ទាប់ពីវា​បានជះចំហាយក្តៅខ្លាំងកាលពីព្រឹកថ្ងៃពុធ (១៤ សីហា) ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី (BNPB) លោក Agus Wibowo បានថ្លែងថា ភ្នំភ្លើង Merapi បានជះចំហាយក្តៅរហូតដល់៩៥០ម៉ែត្រ ឆ្ពោះទៅផ្នែកខាងលើដងទន្លេ Gendol ដែលជាទន្លេស្ថិតនៅក្នុងតំបន់ព្រំដែនខេត្តទាំងពីរខាងលើ នៅវេលាម៉ោង៤និង៥២នាទី(ព្រឹក) ម៉ោងនៅទីក្រុងហ្សាកាតា ។

លោកAgus Wibowoបានបន្ថែមទៀតថា ចំហាយក្តៅ​​បានសាយភាយចេញពី​ភ្នំភ្លើង Merapiនេះចំនួនប្រហែល​​៩៥វិនាទី ក្រុមជំនាញ​បានកត់ត្រាថា ទំហំអតិបរមាកម្តៅ​​ប្រហែល​​៥០មីល្លីម៉ែត្រ ។

ភ្នំភ្លើង​របស់ឥណ្ឌូនេស៊ីមួយនេះ មានកម្ពស់​២ ៩៦៨​ ម៉ែត្រ​ពីទឹកសមុទ្រ ត្រូវ​ចាប់សញ្ញាបានថា មានសកម្មភាព​កម្រើក​ញាប់ញ័រ​ ប្រហែល​១០ដងផ្សេងគ្នា ​​កាលពីចុងសប្តាហ៍​កន្លងមក ។

បច្ចុប្បន្ននេះ អាជ្ញាធរ​បានប្រកាស​ដាក់កម្រិតអាសន្ន​ទី II ចំពោះភ្នំភ្លើងនេះ ខណៈដែលកម្រិតអាសន្ន​ខ្ពស់បំផុតរបស់វា គឺកម្រិត IV ។

មន្ត្រីក្នុងតំបន់​បាន​ហាមរាល់ការឡើងភ្នំ លើកលែងតែសកម្មភាពស្រាវជ្រាវ ។ អ្នកស្រុកត្រូវបាន​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​ដែលកើតឡើង​ពីភ្នំភ្លើងនេះ ។

សូមបញ្ជាក់ថា ភ្នំភ្លើងខាងលើនេះ ធ្លាប់បានផ្ទុះ​កាលពីខែ​តុលា និងខែវិច្ឆិកា ឆ្នាំ២០១០ សម្លាប់មនុស្ស​៣៥៣នាក់ ។ កាលណោះ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ជម្លៀស​មនុស្ស​៣៥០,០០០​នាក់ពីតំបន់ដែលរងផលប៉ះពាល់​ ៕


ចែករំលែក៖