ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុម ផ្លោះរបងចូលឃ្លាំងគាស់ទ្វារលួចលុយអស់៣៥០ដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពផ្លោះរបងឃ្លាំងស្តុបទំនិញមួយកន្លែង គាស់ទ្វារលួចលុយអស់ចំនួន៣៥០ដុល្លារ រួចគេចខ្លួនបាត់ដោយសុវត្ថិភាពបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅឃ្លាំងស្តុកឥវ៉ាន់ តាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមមេការ បានឲ្យដឹងថា ទីតាំងឃ្លាំងខាងលើ ស្តុកទំនិញមកពីប្រទេសជប៉ុន ហើយរាល់ថ្ងៃយប់ សន្តិសុខ មានយាមតែខាងមុខ ខាងក្រោយរបងជុំវិញ ការងារធ្វើតែពេលថ្ងៃ យប់ឡើងបិទទ្វារ ហើយនៅព្រឹកថ្ងៃ១៥នេះ ខណ:ដែល បុគ្គលិក នាយកក្រុមហ៊ុន មកចូលធ្វើការស្រាប់តែ ឃើញទ្វារឃ្លាំង ទ្វារការិយាល័យ ត្រូវបានជនសង្ស័យគាស់របើក ផ្តាច់សោចោល កាមេរ៉ាសុវត្ថិភាព កាច់ បង្វែរខុសគោលដៅ ប្រព័ន្ធការពារ សុវត្ថិភាព ស៊ីរ៉ែន កាត់ផ្តាច់ខ្សែចោល ។

តាមការពិនិត្យលើកាមេរ៉ាសុវត្ថិភាព ឃើញថា ជនសង្ស័យ មានគ្នា៣នាក់ ពាក់ម៉ាស មួកសុវត្ថិភាព ផ្លោះរបងចូលធ្វើសកម្មភាព នៅវេលាម៉ោង១ និង៤៣នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។

តាមការអះអាង ពីមេការ ក្រោយរួមសហការជាមួយកម្លាំងសមត្ថកិច្ច ត្រួតពិនិត្យជាក់ស្តែង ឃើញថា ជនសង្ស័យចូលធ្វើសកម្មភាព ក្នុងបន្ទប់ការិយាល័យ លួចយកលុយក្នុង ថតតុ អស់៣៥០ដុល្លារ រីឯឃ្លាំង ស្តុកឥវ៉ាន់ មានទ្វារមួយជាន់ទៀត មិនមានបាត់បង់ឡើយ ។

តែទោះជាយ៉ាងណាក្តី ករណីខាងលើ ខូចខាតទ្វារអស់២ លុយអស់៣០០ដុល្លារ កាត់ខ្សែសុវត្ថិភាព កាមេរ៉ាសុវត្ថិភាព កាច់បង្វែរខុសទិសដៅ តំណាងក្រុមហ៊ុន ប្តឹងសមត្ថកិច្ចឲ្យបន្តជួយស្រាវជ្រាវ មុខសញ្ញាលួចខាងលើ ៕ សុខាសែនជ័យ​


ចែករំលែក៖