ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំបាតុករហុងកុងចង់ជួបពិភាក្សា ជាមួយ ប្រធានាធិបតីចិន ស៊ី ជីនពីង

ចែករំលែក៖

ស្ថានភាពនៅកោះហុងកុង បន្តតានតឹង ដដែលហើយពេលនេះ មេដឹកនាំក្រុមបាតុករ មានបំណងជួបពិភាក្សាជាមួយមេដឹកនាំចិនដោយផ្ទាល់ ។ មេដឹកនាំក្រុមបាតុករក្រុងហុងកុង លោក ចូសហ័រ វ៉ុង (Joshua Wong) បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានស្វាមគន៍ដើម្បីជួបពិភាក្សាជាមួយក្រុមបាតុកតដោយផ្ទាល់ និងបើកចំហរ ។

លោក Joshua Wong មានអាយុ ២២ឆ្នាំ និងជាមេដឹកនាំដ៏មានឥទ្ធិពលម្នាក់ នៃគណបក្សប្រឆាំងគំាទ្រលទ្ធិប្រជាធិបតេយ្យ ឌែម៉ូស៊ីស្តូ (Demosistō) បានកត់សម្គាល់ខាងលើ នៅក្នុងសារមួយបង្ហោះលើ Twitter និងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា វិបត្តិនៅក្នុងទីក្រុងហុងកុងអាចនឹងត្រួវបានបញ្ចប់ បើសិនជាលោក ស៊ី ជិនពីង ជួបជាមួយក្រុមបាតុករដោយផ្ទាល់ ។ ប៉ុន្តែទន្ទឹមគ្នាក្រុមមន្ត្រីចិនបានចាត់ទុកថា ការលើកឡើងបែបនេះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង ដែលជាដែនដីមួយរបស់ចិន ។

គួរបញ្ជាក់ថា លោក Joshua Wong គឺជាមេដឹកនាំក្រុមប្រឆាំងនៅក្រុងហុងកុងដ៏មានឥទ្ធិពលម្នាក់ ហើយលោក ក៏ធ្លាប់ជាប់ឃុំក្នុងរយៈពេលខ្លីផងដែរ ដោយសារតែលោកបានដឹកនាំការធ្វើបាតុកម្មតវ៉ាទាមទារ លទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ ។ យ៉ាងណាក៏ដោយទីក្រុងប៉េកាំង ហាក់មិនបានសញ្ញាណាមួយក្នុងការបន្ធូរដៃនោះឡើយ ដោយខ្លួនបានអំពាវនាវឲ្យមានការ ចាប់ខ្លួនក្រុមបាតុករដែលបង្កហិង្សា និងព្រមានបរទេសមិនឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ខាថាយប៉ាស៊ីហ្វិក (Cathay Pacific) លោក រូភើត ហូក (Rupert Hogg) បានសម្រេចចិត្តលាលែងចេញពីតំណែង ហើយក្រុមប្រក្សាភិបាលក្រុមហ៊ុនមួយនេះ ក៏បានទទួលយក ពាក្យសុំលាលែងរបស់លោកដែរ ។

ការលាលែងចេញពីតំណែងរបស់លោក Rupert Hogg ត្រូវបានរាយការណ៍ដំបូងដោយ សារព័ត៌មានរដ្ឋចិន CCTV ដែលបានបញ្ជាក់ថា លោក ផូល លូ (Paul Loo) ជាប្រធានផ្នែកអតិថិជន និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Cathay ក៏បានលាលែងចេញតំណែងផងដែរ ។ ម្យ៉ាងវិញទៀតការលាលែងតំណែងរបស់លោក Hogg ធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ មានមូលដ្ឋានក្នុងទីក្រុងហុងកុងមួយនេះ បណ្ដេញបុគ្គលិកបួននាក់ ក្នុងនោះរួមមានពីរឡុតពីរនាក់ និងបុគ្គលិកអាកាសយានដ្ឋានពីរនាក់ ដែលត្រូវបានគេចោទថា ចូលរួមក្នុងបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលក្រុងហុងកុង ។

គួរបញ្ជាក់ថា លោក Rupert Hogg មានអាយុ ៥៦ឆ្នាំ បានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Cathay នៅខែឧសភា ឆ្នាំ២០១៧ ។ អាកាសចរណ៍ Cathay Pacific គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានទីស្នាក់ការ នៅក្នុងអគារព្រលានយន្តហោះអន្តរជាតិ នៃទីក្រុងហុងកុងផ្ទាល់តែម្តង ។ អាកាសចរណ៍ប្រចាំទីក្រុងហុងកុងនេះ មានគោលដៅហោះហើរទៅមកបណ្តាប្រទេសជាង ៦០ នៅទូទាំងពិភពលោក និងមានបុគ្គលិកបម្រើការងារសរុបជាង ៣២,០០០នាក់៕


ចែករំលែក៖