ភ្នំពេញ៖ ជនសង្ស័យជាចោរប្លន់២នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាកហុងដាស្កូបពីស៊េរីឆ្នាំ២០២០មួយគ្រឿង ពីក្មេងស្រីម្នាក់បានសម្រេច ហើយជិះគេចខ្លួន ប៉ុន្តែដោយ សង្ស័យដឹងថា ម៉ូតូខាងលើមានបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាព GPS ទើបពួកចោរទាំងនេះបានយកម៉ូតូទៅប្លុងចោលនៅក្នុងមន្ទីរពេទ្យបង្អែកចតុមុខ រួចយកតែទូរស័ព្ទ១គ្រឿង ដែលជនរងគ្រោះទុកនៅក្នុងហោប៉ៅម៉ូតូខាងមុខ ហើយគេចខ្លួនបាត់ស្រមោលអស់ ។
ហេតុការណ៍ប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង៤និ៣៥នាទីជិតភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចជិតវត្តពូនភ្នំ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យមានគ្នា២នាក់ស្លៀកពាក់សុីវិលជិះម៉ូតូមិនស្គាល់ម៉ាក១គ្រឿង និង ប្រើប្រាស់ដែកបំពង់ទីប១កំណាត់ ធ្វើជាអាវុធក្នុងពេលធ្វើសកម្មភាពប្លន់ ។ ចំណែកជនរងគ្រោះមាន២នាក់ដែរ ក្នុងនោះម្ដាយឈ្មោះ រី ចាន់ថង អាយុ៥២ឆ្នាំ មុខរបរលក់ដូរ និង កូនស្រីឈ្មោះ វ៉ាន់ឌី លីហ្សា អាយុ១៤ឆ្នាំ សព្វថ្ងៃមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ពួកគាត់ត្រូវបានក្រុមចោរវាយប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាស្កូបពីពណ៍ស ស៊េរីឆ្នាំ២០២០ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1HR-7251 ហើយនៅក្រោមកែបម៉ូតូនោះមានលុយជាង៩០ម៉ឺនរៀល និង២០០ដុល្លារ រីឯនៅក្នុងហោប៉ៅម៉ូតូខាងមុខមានទូរស័ព្ទម៉ាក OPPO ១គ្រឿងនិងម៉ាកណូកគាចុចពិល១គ្រឿង។
ជរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ពណ៍ខ្មៅ១គ្រឿង ចំណែកកូនស្រីគាត់បានជិះម៉ូតូម៉ាងហុងដាស្កូបពី១គ្រឿងនោះចេញពីផ្ទះក្នុងបំណងទៅរកទិញឥវ៉ាន់ផ្សារជម្ពូវ័ន យកមកលក់នៅផ្ទះ ។ ខណៈនោះគាត់ជិះខាងមុខ រីឯកូនស្រីគាត់ជិះខាងក្រោយ លុះជិះចេញផុតពីផ្ទះ មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងតាមពីក្រោយដោយអត់បើកភ្លើងឡើយ ។ ពេលទៅដល់ត្រង់ចំណុចកើតហេតុជនសង្ស័យបានកៀរឲ្យកូនគាត់ឈប់ និងស្រែកគំរាមសម្លាប់ រួចយកដំបងដែកបំពង់ទីបដេញវាយ ដោយមានការភ័យខ្លាចកូនស្រីគាត់បានចុះរត់ចេញ ហើយចោរក៏បានយកដែកទីបគប់ចំចង្កេះរួចក៏យកម៉ូតូជិះគេចខ្លួនបាត់តែម្ដង។
ស្រ្តីរូបនោះបានបន្តថា បន្ទាប់មកគាត់បានជិះម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ដឹកកូនស្រីត្រឡប់ក្រោយវិញ និងស្រែកថា ចោរៗបង្កឲ្យអ្នកភូមិមានការភ្ញាក់ផ្អើល និងនាំគ្នាតាមរកម៉ូតូដោយមើលតាមការចង្អុលបង្ហាញរបស់ប្រព័ន្ធតាមដានGPS ។ ព្រោះម៉ូតូដែលចោរប្លន់យកទៅនេះមាន បំពាក់ប្រព័ន្ធតាមដាន GPS ហើយក៏បានប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ភ្លាមៗដែរ ។ ការតាមរកពីចំណុចមួយទៅចំណុចមួយរហូតដល់ក្នុងរាជធានីភ្នំពេញហើយដោយមានការសហការណ៍ពីសំណាក់ក្រុមហ៊ុនGPSផង ទើបកំណត់ច្បាស់ពីទីតាំងដែលចោរប្លុងម៉ូតូចោលនិងបានរកម៉ូតូឃើញវិញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូនោះត្រូវបានចោរយកទៅប្លុងចោលនៅក្នុងមន្ទីរពេទ្យបង្អែកចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ រួចហើយបានយកទូរស័ព្ទម៉ាកOPPO ១គ្រឿងដែលជនរងគ្រោះដាក់នៅក្នុងហោប៉ៅមុខម៉ូតូទៅបាត់ ។ ចំណែកកាបូបលុយដែលដាក់នៅក្រោមកែបមិនបានបាត់បង់នោះឡើយ បន្ទាប់មកនគរបាលបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញ ព្រមទាំងស្រាវជ្រាវរកចាប់ខ្លួនក្រុមចោរទាំងនោះហើយ ៕ សុខាសែនជ័យ