ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងខឹងរកប្តីចុងមិនឃើញ វាយកូនតូចៗរបួសពេញខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីផឹកស្រាស្រវឹងខឹងរកប្តីចុងមិនឃើញ មកបញ្ចេញកំហឹងដាក់កូនតូចៗបណ្តាលឲ្យរបួសពេញខ្លួនត្រូវបានប្រជាពលរដ្ឋប្តឹងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារសិនជូរី ផ្លាហ្សា នៅលើសួនកុមា ស្ថិតនៅក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។

ម្តាយដែលវាយកូនមានឈ្មោះ ស្រឿន ចន្ធី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររោងចក្រ ស្នាក់នៅភូមិចំបក់២សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

កូនរងគ្រោះទីមួយមានឈ្មោះ វ៉ាន់ ស្រីស្រស់ ភេទស្រី អាយុ៩ឆ្នាំ រងរបួសជាំស្មា និងពកក្បាល និងកូនទី២មានឈ្មោះ ស៊ិន កញ្ជនា ភេទស្រី អាយុ១១ខែ មានសភាពស្លេកស្លាំង និងក្តៅខ្លួន ត្រូវបានសមត្ថកិច្ចដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យកុមារជាតិ ។

តាមសម្តីសមត្ថកិច្ចបានប្រាប់ថាដំបូងឡើយរូបគាត់កំពុងពង្រឹងច្បាប់ចរាចរណ៍ ខណ:ដល់ម៉ោងកើតហេតុខាងលើក៏មានប្រជាពលរដ្ឋ បានមកប្រាប់ថា មានស្ត្រីខាងលើកំពុងវ៉ៃកូនបង និងកូនតូចចាប់ជើងយួរឡើងលើ ពេលទទួលបានដំណឹងនេះភ្លាម កម្លាំងរបស់គាត់ចុះអន្តរាគមន៍ទៅឃាត់ស្ត្រីខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីសួរនាំ ។

ប្រភពដដែលបានបន្តទៀតថារូបគាត់បានសួរកូនបងពីមូលហេតុដែលម្តាយវ៉ៃពេលនោះកូនបងបាននិយាយប្រាប់ថាម្តាយរបស់គាត់ស្រវឹងស្រាបានដើររកប្តីចុងមិនឃើញក៏បញ្ចេញកំហឹងវាយកូនបែបនេះឡើង ។ ប្រភពដដែលបានបញ្ចាក់ប្រាប់ថាស្ត្រីខាងលើមានប្តី២នាក់ មានកូន៣នាក់ ប្តីទី១បានលែងលះគ្នាដាច់ស្រាច់ ហើយបានយកកូនមួយទៅចិញ្ចឹម ក្រោយមកក៏មានប្តីហេងស៊យមួយទៀតម្តងបាត់ម្តងឃើញទើបធ្វើឲ្យស្ត្រីខាងលើផឹកស្រាស្រវឹង កើតរោគចិត្តវាយកូនបែបនេះ ។ ខណ:ពេលមកដល់ប៉ុស្តិ៍ស្ត្រីខាងលើបានអុកឡុកពេញប៉ុស្តិ៍វាយកៅអី កង្ហាលបាក់បែកធ្វើឲ្យសមត្ថកិច្ចសម្រេចចិត្តដាក់ខ្នោះ ។

ក្រោយមកសមត្ថកិច្ចបានអប់រំណែនាំស្ត្រីខាងលើឲ្យឈប់វាយកូនទៀតហើយក៏ដោះលែងឲ្យមានសេរីភាពឡើងវិញ ៕ សុខាសែនជ័យ​


ចែករំលែក៖