ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នមួយចំនួននៅស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង រាករូស និង ក្អួតចង្អោរ សង្ស័យពុលនំប៉័ង

ចែករំលែក៖

ខេត្តសៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថាមានករណីពុលនំបុ័ងនៅស្រុកប្រាសាទបាគង និង ស្រុក បន្ទាយស្រី បណ្តាលឲ្យមនុស្សចាស់ ក្មេង ជាង ៣០នាក់ រាករូស និង ក្អួតចង្អោរ ហេតុការណ៍នេះ កើតឡើងនៅ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ ថ្មីៗនេះនិង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅក្នុងស្រុក២នៃខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះថា ករណីប្រជាពលរដ្ឋ ចំនួន០៨នាក់រស់នៅ ភូមិ ត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី បានពុលនំប៉័ងក្រោយពីក្រុមគ្រួសារយកមកសង្គ្រោះនៅមណ្ឌលសុខភាព ឃុនរាម បានធូរស្បើយហើយ !លោកបន្តថាជនរងគ្រោះទាំង ០៨នាក់នេះរួមមាន ១.ឈ្មោះ រ៉ន តាត ភេទស្រី អាយុ៣៨ឆ្នាំ , ២. ស៊ីន សៅ រី ភេទស្រី អាយុ ៣ ឆ្នាំ , ៣. ឈ្មោះ លាន ណា សា ភេទស្រី អាយុ៤ឆ្នាំ , ៤. ឈ្មោះ លានដាលីន ភេទស្រី អាយុ២ឆ្នាំ , ៥. ឈ្មោះ ជីន សុផល ភេទប្រុស អាយុ៤ ឆ្នាំ , ៦. ឈ្មោះ ជីន សុផាត ភេទប្រុស អាយុ ២០ខែ , ៧. ឈ្មោះ ចក មករា ភេទប្រុស អាយុ ៣ឆ្នាំ និង ៨. ឈ្មោះ ជីន ម៉ីយ៉ា ភេទស្រី អាយុ ៦ ឆ្នាំ បានត្រឡប់ទៅផ្ទះវិញហើយ។លោកបន្ថែមថាករណីពុលនេះគឺបងប្អូនប្រជាពលរដ្ឋបានទិញពីអ្នកដើរ លក់នំប៉័ង នៅតាមភូមិក្នុងស្រុកបន្ទាយស្រី ជាប់ជាប្រចាំហើយដែល អ្នកលក់នំប៉័ងនេះ មានទីលំនៅស្រុកប្រាសាទបាគង។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក៏មាន ករណី ពុលនំបុ័ងដូចគ្នានេះដែរនៅចំណុច សាលាបឋមសិក្សា កំពង់ ភ្លុក ស្ថិតភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្ត សៀមរាប បណ្ដាលឲ្យពុលក្មេងៗសិស្សសាលាចំនួន២៩នាក់ ក្នុងនោះ ស្រី ២២នាក់ ដែលមាន អាយុក្រោម ១០ ឆ្នាំប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយដោយគ្រាន់តែក្អួតនិងរាករូស។

លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះថា ករណីនេះគឺក្មេងៗបានទិញនំបុ័ងញ៉ាំពីអ្នកគ្រូបង្ហាត់ សិស្សបឋមនៅចំណុចសាលារៀនបឋមសិក្សាកំពង់ភ្លុក ឈ្មោះខ្ចៅ ម៉ារ៉ា អាយុ ៤៥ឆ្នាំ រស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដោយអ្នកគ្រូបានទទួលយកពីម៉ូយ ឈ្មោះ សុខ លីន ភេទស្រី នៅភូមិកញ្ជរ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោក បានបន្តទៀតថាបន្ទាប់ពីពុលរួច លោកបានបញ្ជូនទៅដេកពេទ្យឯកជនក្នុងឃុំ កំពង់ភ្លុក ចំនួន ២១នាក់ និងបញ្ជូនទៅដេកពេទ្យ នៅ ឃុំរលួស ចំនួន៨នាក់ហើយ ក្រោយពីការពិនិត្យរួចបានបញ្ជាក់ថាករណីនេះគឺបណ្តាលមកពីពុលនំប៉័ងបច្ចុប្បនុ្នបាន ធូរស្បើយអស់ហើយ ! មកដល់ថ្ងៃនេះក្រុមសប្បិកម្ម និងឧស្សាហកម្ម និងកម្លាំងព្រហ្មទណ្ឌសេដ្ឋកិច្ចខេត្តបានចុះសហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍កន្រ្ទាំងចុះត្រួតពិនិត្យកន្លែងផលិតនំបុ័ងគ្មានច្បាប់របស់ឈ្មោះ ស សេរី ភេទប្រុស អាយុ 36ឆ្នាំ ន ភូមិកន្រ្ទាំង.ឃុំកន្រ្ទាំង ស្រុកប្រសាទបាគង ខេត្ត សៀមរាប ហើយលទ្ធផលត្រួតពិនិត្យឃើញថា អនាម័យល្អ (មូលហេតុ មកពីពុល គឺនំបុ័ងនេះមានដាក់ប័រ និងស្លឹកខ្ទឹមទុកលើសពី1ថ្ងៃឡើងទៅគឺបណ្តាលខ្យវាប្អូមឬជូរអាចប៉ះពាល់ដល់សុភាព។

បច្ចុប្បន្នក្រុមសប្បិកម្ម និងឧស្សាហកម្ម និងកម្លាំងព្រហ្មទណ្ឌសេដ្ឋកិច្ចខេត្តសំរេចឲ្យបិតទីតាំងផលិតនំប៉័ងអត់ច្បាប់នេះបណ្ដោះអាសន្នសិន និងឲ្យម្ចាស់រត់ច្បាប់ជាផ្លូវការនិងចុះបញ្ចីឲ្យបានត្រឹមត្រូវ ទើបអនុញាតិឲ្យបើកដំណើរការវិញ ៕ ប៊ុនរិទ្ធី


ចែករំលែក៖