ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនបរទេស២នាក់ សម្ងំប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ ជនបរទេស២នាក់ សម្ងំប្រើប្រាស់គ្រឿងញៀន ក្នុងផ្ទះសំណាក់ ហ្គាស៊ី ត្រូវសមត្ថកិច្ចនគរបាលខេត្តសៀមរាប ចាប់ខ្លួននៅពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ ។ ហេតុការណ៍បានធ្វើឡើងនៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩ នៅចំណុចបន្ទប់លេខ ២០៦ ផ្ទះសំណាក់ ហ្គាស៊ី ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនដោយកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីបានចូលរួមសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ។

ជនសង្ស័យមាន ១-ឈ្មោះ COMERCI ERIC ភេទ ប្រុស កើតថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ១៩៩០ ជនជាតិ អាហ្សង់ទីន កាន់លិខិតឆ្លងដែនលេខ AAB៣០៨៨៣៣ មុខរបរ គ្មាន ស្នាក់នៅផ្ទះសំណាក់ខាងលើ ។ ២-ឈ្មោះ GUNDEL SEJR DONALD ភេទ ប្រុស កើតថ្ងៃទី ០៨ ខែមករា ឆ្នាំ១៩៧៨ ជនជាតិ ដាណឺម៉ាក កាន់លិខិតឆ្លងដែនលេខ ២០៧១១៧៦៧៥ ជាភ្ញៀវទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ខាងលើ ក្រោយប្រតិបត្តិការនគរបាលដកហូតវត្ថុតាងម្ស៉ៅក្រាមពណ៌ស មួយកញ្ចប់តូច និងឧបករណ៍សម្រាប់ជក់ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖