កន្លងមក សម្តេចសង្ឃ Pope ក៏ធ្លាប់បានទស្សនកិច្ចទៅកាន់ប្រទេស ដែលមានពលរដ្ឋកាន់សាសនា ព្រះពុទ្ធភាគ ច្រើន ក្នុងនោះមានប្រទេសមីយ៉ានម៉ា ជាដើម ហើយពេលនេះដែរ សម្តេចសង្ឃប៉ប នឹងទស្សនកិច្ចទៅកាន់ប្រទេសថៃ ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា ។
សម្តេចសង្ឃកាតូលិក Pope Francis នឹងយាងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសថៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុននេះ មុនពេលដែលបានប្រកាសរួចហើយ បំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ។ ព្រះអង្គគឺជាសម្តេចសង្ឃកាតូលិកដំបូងគេក្នុងអំឡុងពេលជិត៤ទសវត្សរ៍ដែលយាងបំពេញទស្សនកិច្ចនៅប្រទេសទាំងពីរនេះ ។ នេះបើតាមប្រភពពីមន្ទីរ វ៉ាទីកង់ ថ្លែងប្រាប់ប្រភពរ៉យទ័រផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។
ប្រភពដោយឡែកចំនួន៣បានបញ្ជាក់ថា ដំណឹងយាងទស្សនកិច្ចរបស់ស្តេចសង្ឃកាតូលិក នឹងប្រកាសនៅពេលឆាប់ៗនេះ ។ សម្តេចសង្ឃចុងក្រោយគេបំផុត គឺសម្តេចសង្ឃ Pope John Paul បានយាងទស្សនកិច្ចនៅជប៉ុនក្នុងឆ្នាំ១៩៨១ និងនៅប្រទេសថៃ ក្នុងឆ្នាំ១៩៨៤ ។
កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចសង្ឃកាតូលិកបច្ចុប្បន្ន Francis បានមានបន្ទូលដោយព្រះអង្គផ្ទាល់អំពីគម្រោងយាងទៅទស្សនកិច្ចនៅជប៉ុន, ទៅកាន់ទីក្រុងតូក្យូ និងទីក្រុង២ផ្សេងទៀត ដែលត្រូវអាមេរិកទម្លាក់គ្រាប់បែកបរមាណូ ថ្ងៃបញ្ចប់សង្គ្រាមលោកលើកទីពីរ គឺទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្គាសាគី ។
ដំណើរយាងទស្សនកិច្ចរបស់សម្តេចសង្ឃកាតូលិកទៅកាន់ប្រទេសទាំងពីរនេះ ទីដែលមានកាតូលិកបរិស័ទតូចតួច ប្រហែលជាងពាក់កណ្តាលមួយភាគរយនៃប្រជាជនសរុបនោះផង គឺត្រូវបានរំពឹងថា នឹងធ្វើឡើងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩តទៅ ។ ថៃជាប្រទេសដែលកាន់លទ្ធិពុទ្ធសាសនាភាគច្រើនបំផុត រីឯជប៉ុនវិញ ភាគច្រើនកាន់សាសនាព្រះពុទ្ធ និងសាសនា ស៊ីនតូ (Shinto) ។
គោលបំណងនៃដំណើរយាងទស្សនកិច្ចនេះ គឺដើម្បីជំរុញបង្កើនពិភាក្សាជាមួយមេដឹកនាំសាសនាដទៃផ្សេងទៀត ក្នុងបញ្ហាលើកស្ទួយ និងជ្រោងសន្តិភាពនៅលើពិភពលោក ។
ក្នុងអំឡុងស្តេចយាងនៅប្រទេសថៃនោះ ក៏ចំពេលដែលខួបទី៣៥០ឆ្នាំ ការបង្កើត«បេសកម្មនៅស្យាម» ( Mission de Siam) របស់សម្តេចសង្ឃ Pope Clement IX ដើម្បីត្រួតពិនិត្យបេសកកម្មនៅលើទីដីស្យាមផងដែរ ។ ស្យាម ឬសៀម គឺជាថៃកាលពីអតីតកាល ៕