ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ឃាត់ខ្លួនជាក់ស្តែង កាលពី១ និង៥៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃអង្គារ ៥រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម ។
ជនសង្ស័យឈ្មោះ ម៉ែន វិចិត្រ អាយុ២៨ឆ្នាំ ជនជាតិ វៀតណាម ពីបទលួច (លួចស្លាកលេខរថយន្តម៉ាកតូយ៉ូតាព្រូសទាំងមុខក្រោយ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ ៣៩៥ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវវច្បាប់។
ជនសង្ស័យឈ្មោះ ម៉ែន វិចិត្រ បានសារភាពថា ខ្លួនបានធ្លាប់លក់ស្លាកលេខរថយន្តដែលលួចបានទៅលក់ឲ្យឈ្មោះ សុខ ជា ហៅ យឿង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ វៀតណាម និងឈ្មោះ សេន សឿន ហៅ តាម៉ាប់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ចំនួន០៣ដងរួចមកហើយ ដោយលក់មួយគូមុខក្រោយតំលៃ៣០ដុល្លារ សហរដ្ឋអាមេរិក)។
រហូតមកដល់ម៉ោងប្រហែល ៧ និង៤០នាទី កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ចំនួន០២ទីតាំងផ្សេងគ្នា ពីបទសមគំនិត និងបទទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួចច្រើនដង) ប្រព្រឹត្តជាច្រើនលើកនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទីតាំងផ្សេងពីគ្នា:
១-ឈ្មោះ សុខ ជា ហៅ យឿង អាយុ២២ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចលើដងផ្លូវ លេខ២២៣ ក្រុមទី១៣ ភូមិ៧ សង្កាត់ផ្សដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៩ និង០០នាទី។
២-ឈ្មោះ សេន សឿន ហៅ តាម៉ាប់ អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី (PassApp) ស្នាក់នៅមិនចាំលេខជាន់ទី៣ ផ្លូវសុកហុក សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចក្នុងវត្តស្ទឹងមានជ័យ ក្រុមទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៩ និង៤០នាទី។
វត្ថុតាងចាប់យកមាន ៖ ដែកសំប៉ែតសំរាប់កាច់បំបែកគ្រាប់សោរកម៉ូតូចំនួន០១ (ចាប់យកពីឈ្មោះ សុខ ជា ហៅ យឿង), ម៉ូតូកង់បី (PassApp) ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-0748 (ចាប់យកពីឈ្មោះ សុខ ជា ហៅ យឿង )។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ ចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ