ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយជនរងគ្រោះ ស្រែករកយុត្តិធម៌ រឿងអនុប៉ុស្តិ៍ជ្រោយតាកែវ និងបក្ខពួក វាយធ្វើបាបកូនគាត់ទាំងដៃជាប់ខ្នោះ

ចែករំលែក៖

ខេត្តកណ្តាល៖ រឿងហិង្សាមួយដែលម្តាយជនរងគ្រោះអះអាងថា បានចាប់ដាក់ខ្នោះកូនរបស់គាត់ និងវាយធ្វើបាបរហូតធ្លាក់ឈាម ជាក្រុមនៅស្រុកកោះធំ កំពុងស្រែករកយុត្តិធម៌ សំណុំរឿងបានបញ្ជូនទៅតុលាការហើយ ។

អ្នកមីង ប្រាង ម៉ុម អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៧ សីហា ២០១៩ មានកម្មវិធីល្ខោនបាសាក់នៅចំណុចវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។ នៅថ្ងៃនោះដែល កូនប្រុសរបស់នាងខ្ញុំឈ្មោះ ឃន វ៉ាន់នី បានចេញពីផ្ទះទៅមើលល្ខោនបាសាក់នៅចំណុចវត្តខាងលើនោះដែរ ។ រហូតដល់ម៉ោង២៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល កូនប្រុសរបស់នាងខ្ញុំបានចេញពីកន្លែងល្ខោនបាសាក់ត្រឡប់មកផ្ទះវិញ មកដល់ចំណុចក្លោងទ្វារវត្តជាប់ផ្លូវជាតិក៏បានជួបឈ្មោះ ណន ឧត្តម និងបក្ខពួក ហើយក៏បាននិយាយគ្នាទាក់ពាក្យសម្តីគ្នាបន្តិចបន្តួច ស្រាប់តែឈ្មោះ ណន ឧត្តម និងបក្ខពួក ចាប់កូនប្រុសរបស់នាងខ្ញុំ ដាក់ខ្នោះវាយធ្វើបាប ទាត់ធាក់ បណ្តាលឲ្យហូរឈាមតាមច្រមុះ តាមមាត់ តាមត្រជៀក រងរបួសជាទម្ងន់ ។

អ្នកមីងបានបន្តទៀតថា បន្ទាប់ពីដាក់ពាក្យបណ្តឹងរហូតមកដល់ពេលនេះ សមត្ថកិច្ចបានកោះហៅគាត់ឲ្យមកសម្របសម្រួលបញ្ចប់រឿងពីលើកហើយនៅអធិការស្រុកកោះធំម្តង និងនៅស្នងការនគរបាលខេត្តម្តង ។

តែជនបង្ករមិនព្រមសារភាព ពិតជាអយុត្តិធម៌សម្រាប់គាត់ និងកូនគាត់ខ្លាំងណាស់ ។ ជាចុងក្រោយគាត់បានសំណូមពរឲ្យជនបង្ករឆ្លើយសារភាព និងទាមទាសំណងជំងឺចិត្តសម្រាប់មើលជំងឺចំនួន៥០០០ដុល្លារ ។

លោក ចាន់ វ័រ មេប៉ុស្តិនគរបាលជ្រោយតាកែវបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុឈ្មោះ ឃន វ៉ាន់នី និងបក្ខពួកប្រមាណជិត២០នាក់ បានដើរមកកន្លែងប្រជាការពារក្នុងនោះមានលោក ណន ឧត្តម នាយរងប៉ុស្តិនៅក្នុងនោះដែរ ហើយក្រុមឃន វ៉ាន់នី និងបក្ខពួក ក្នុងស្ថានភាពស្រវឹង តែលោកមិនដឹងថាផឹកមកពីណាទេ បានស្រែកដៀមដាមមកលើកូនចៅរបស់គាត់ ហើយថែមទាំងឡើងជង្គង់មួយជង្គង់ ក៏ប្រតាយប្រតប់គ្នាតែម្តងទៅ ។ ហើយលោកបានបញ្ជាក់ថា កូនចៅរបស់លោកមិនបានវាយ និងដាក់ខ្នោះទៅលើជនរងគ្រោះនោះទេ ។

ពាក់ពន្ធ័នឹងរឿងរ៉ាវខាងលើនេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងឲ្យដឹងថា សំណុំរឿង បានបញ្ជូនទៅតុលាការអស់ហើយ ៕ ឆ ដា


ចែករំលែក៖