ខេត្តក្រចេះ៖ រថយន្តឡិចស៊ីសមួយគ្រឿង មានផ្ទុកឈើពេញប្រៀបតែម្តង ត្រូវបានកម្លាំងស្នាក់ការសន្តិសុខ៧១០ បង្ក្រាបយកទៅរក្សារទុកនៅស្នាក់ការសង្កាត់ព្រៃឈើចាត់ការតាមច្បាប់ព្រៃឈើ ។
ការចុះបង្ក្រាបនោះដឹកនាំដោយលោកអនុសេនីយ៍ឯកស្រី សីនា បានសហការជាមួយនិកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងដែលមានលោក កែវ ចំណាន ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើបានចុះបង្រ្កាប់ផ្ទាល់ ។
ការស្ទាក់ចាប់រថយន្តដឹកឈើមួយគ្រឿងនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹងថា រថយន្តដែលបង្ក្រាបនោះមានផ្ទុកសុទ្ធតែឈើប្រណីតប្រភេទធ្នុងដឹកទិសដៅចេញខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តក្រចេះ ហើយក៏ត្រូវបង្ក្រាបតែម្តង ដល់ពេលកម្លាំងរបស់លោក បានវាស់វែងទៅឃើញមានចំនួន ៦៥ដុំ(ស្មើនិង០.៧៧៩ម៉ែត្រគូប) ។
រថយន្តនោះម៉ាកឡិចស៊ីស ពណ៌ស ស្លាកលេខភ្នំពេញ ២Q ៩៤៥៤ អ្នកបើកបរបានរត់គេចខ្លួនបាត់ភ្លាមៗ ។
ក្រោយពីកម្លាំងស្ទាក់ឃាត់បានភ្លាម វត្ថុតាងត្រូវបានយកមករក្សាទុកនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមច្បាប់ព្រៃឈើ ៕ ជីវ័ន្ត