ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ បានម្ចាស់ហាងម៉ាស្សាវាយបណ្តាលឲ្យរងរបួសបែកក្បាល ខណៈនាំភ្ញៀវបរទេស២នាក់ប្តីប្រពន្ធចូលទៅម៉ាស្សា ក្នុងហាងម៉ាស្សាមួយកន្លែង ដែលមានយីហោ ម៉ាស្សាបុរាណខ្មែរ ហើយត្រូវនារីបម្រើការក្នុងហាងបន្លំលួចលុយភ្ញៀវ បង្កជាជម្លោះផ្អើលដល់អ្នកក្បែរខាង និងសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង០៥នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៧៨ កែងផ្លូវព្រះសុីសុវត្ថិ នៅចំណុចហាងម៉ាស្សាមួយកន្លែង យីហោម៉ាស្សាបុរាណខ្មែរ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមប្រភពពីភ្ញៀវបរទេស២នាក់ប្តីប្រពន្ធបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរូបគាត់ទាំង២នាក់ ប្តីប្រពន្ធបានចូលទៅម៉ាស្សានៅក្នុងហាង ដែលមានយីហោ ម៉ាស្សាខ្មែរបុរាណ ហើយត្រូវបាននារីបម្រើការក្នុងហាងបន្លំលួចលុយ ដល់ពេលអ្នករត់កង់បីចូលទៅសួរនាំរកខុសត្រូវ ក៏ត្រូវម្ចាស់ហាងយកខ្សែក្រវាត់មកវាយបណ្តាលឲ្យរងរបួសបែកក្បាល បង្កជាជម្លោះមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងសមត្ថកិច្ចចុះទៅសួរនាំផងដែរ ។
បើតាមសំដីម្ចាស់ហាងបាននិយាយថា ភាគីខាងម៉ូតូកង់បីជាអ្នកបង្ករករឿង និងយកដែកបំពង់ទីបទៅរកវាយគាត់មុន ទើបគាត់ការពារខ្លួន ចំណែកខាងជនរងគ្រោះ ដែលជាអ្នករត់ម៉ូតូកង់បី បានអះអាងថា ខ្លួនគ្រាន់តែចូលទៅសួរនាំរកខុសត្រូវថា ហេតុអីបានជានារីម៉ាស្សាបន្លំលួចលុយភ្ញៀវដូច្នេះ មិនបានទៅរករឿងវាយតប់នោះទេ ដោយគ្រាន់តែចង់ដឹងថា អ្នកណាជាអ្នកបន្លំលួចលុយភ្ញៀវ ដែលជាជនជាតិបរទេសយ៉ាងដូច្នេះ វាគួរឲ្យខ្មាស់គេណាស់ និងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ។
ក្រោយពេលកើតហេតុ ដោយមានការជួយសម្របសម្រួលពីសមត្ថកិច្ចទាំងជនរងគ្រោះ និងម្ចាស់ហាងម៉ាស្សា បានសម្រួលគ្នាដោយមិនបានដាក់ពាក្យបណ្តឹងរៀងៗ ខ្លួនបញ្ចប់រឿងតែម្តង៕ ធឿនព្រែកជ័យ