ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បង្ហាញវត្តមាន​ នៅក្នុងប្រទេសបារាំង ពេលកំពុងប្រជុំ​G-7

ចែករំលែក៖

ស្ថានភាពទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអាមេរិក កំពុងតែតានតឹង ជុំវិញសមុទ្រពែក្ស ដោយអាមេរិកបានស្នើដល់ បណ្តាប្រទេសជាមិត្ត បង្កើត កម្លាំងការពាររួម នៅសមុទ្រ ពេក្ស ដើម្បីការពារនាវាដឹកទំនិញ​ ។ នៅពេលនេះដែរ អង់គ្លេសក៏បានបញ្ជូននាវាចម្បាំងទី​៣ទៅកាន់ ដែនសមុទ្រ ការពារនាវាដឹកទំនិញរបស់ខ្លួន ។

ដោយឡែក អ៊ីរ៉ង់ និងប្រទេសផ្សេងទៀត មានបំណងរក្សាកិច្ចព្រមព្រៀង បរមាណូដែលបានចុះហត្ថលេខាកាលពីឆ្នាំ​២០១៥ បើទោះបីអាមេរិកដកចេញក្តី​ ។ ក្នុងចំណោមប្រទេស ដែលបានចុះហត្ថលេខា​បារាំង សកម្មភាពជាងគេ ក្នុងការជំរុញរក្សាកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់​ ។

នៅពេលនេះ ដំណើរ​ទស្សនកិច្ច​ដែលមិនមានការប្រកាសឲ្យដឹងជាមុន បានកើតឡើង ខណៈបារាំង​បាន និង កំពុង​ខិតខំ​បញ្ចៀស​ស្ថានការណ៍តានតឹង រវាង​អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​ នៅក្នុង​កម្មវិធីអាវុធនុយក្លេអ៊ែរ​របស់ប្រទេសអ៊ីរ៉ង់ ។

ស្របពេលនោះ ស្រាប់តែ ប្រមុខការទូត​អ៊ីរ៉ង់ បានលេចមុខ​​ដ៏គួរឲ្យភ្ញាក់ផ្អើល​មួយ ហើយបាន​ជួបពិភាក្សាការងារ​ជាមួយ​ប្រធានាធិបតីបារាំង លោក Emmanuel Macron ដាច់ដោយឡែក​អំពីកិច្ចប្រជុំ​កំពូល G-7 ក្រោយពីមានការអញ្ជើញ​ដ៏ភ្ញាក់ផ្អើល​ឲ្យ​​ប្រមុខការទូតអ៊ីរ៉ង់ ​មកកាន់ប្រទេសបារាំង ។

លោក Mohammad Javad Zarif បានចុះជាន់ដល់ទឹកដីទីក្រុងមាត់សមុទ្រ Biarritz ប្រទេសបារាំង ​កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ ។ នៅទីនោះ មេដឹកនាំ នៃប្រទេសសេដ្ឋកិច្ចរីកចម្រើន​​ទាំង៧ របស់ពិភពលោក (G-7)​ រួមមាន​ អាមេរិក, កាណាដា, បារាំង, អាល្លឺម៉ង់, អង់គ្លេស, អ៊ីតាលី និងជប៉ុន​ បាន និង កំពុងបើកកិច្ចប្រជុំកំពូលមួយ​ ពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមមាន បញ្ហាពាណិជ្ជកម្មសកលលោក, ការបម្រែបម្រួលអាកាសធាតុ និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស​អ៊ីរ៉ង់ផងដែរ ។

លោក Zarif ភ្លាមៗ​នោះដែរ ​បាន​ចូលជួប​​ជាមួយរដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian រយៈពេល​៣ម៉ោងកន្លះ ។ បន្ទាប់មក លោកបានជួបពិភាក្សាជាមួយ​លោកប្រធានាធិបតី ម៉ាក្រុង រយៈពេល​កន្លះម៉ោង ។

លោក Zarif បានថ្លែង នៅលើបណ្តាញសង្គម​ថា «សកម្ម​ការទូតរបស់អ៊ីរ៉ង់ ក្នុងការស្វែងរក​ការចូលរួម ក្នុងន័យស្ថាបនានៅតែបន្ត ។ ផ្លូវ​ដើរ​នៅខាងមុខ​ មានការលំបាក់ ប៉ុន្តែស័ក្តិសមនឹងការព្យាយាម» ។ រីឯ​យន្តហោះរបស់​លោក Zarif​ បានចាកចេញ​ពីបារាំង​ ភ្លាមៗ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ​នេះ ។ មន្ត្រីមួយរូប​​ នៃខុទ្ទកាល័យ​ប្រធានាធិបតីម៉ាក្រុង បានថ្លែងប្រាប់ AFP ថា ការពិភាក្សា​នេះ ប្រកបដោយ​លទ្ធផល ជា ​«វិជ្ជមាន» ។

សូមបញ្ជាក់ថា លោក ម៉ាក្រុង ប្រធានាធិបតីបារាំង គឺជាប្រធាន ​នៃកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុម G-7 ហើយបារាំងធ្វើជាម្ចាស់ផ្ទះវិលជុំ ។ លោកប្រធានាធិបតីបារាំងរូបនេះ បានដឹកនាំ ដោយខិតខំបញ្ចៀស​ស្ថានការណ៍តានតឹង​ ក្រោយពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប្រកាសដកខ្លួនចេញ ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយអ៊ីរ៉ង់ និងបានប្រកាសដាក់ទណ្ឌកម្មជាថ្មី ដើម្បីបង្ខំឲ្យអ៊ីរ៉ង់ បោះបង់ចលោកនូវកម្មវិធីអាវុ​ធនុយក្លេអ៊ែររបស់ខ្លួន ។ ​ទោះជាយ៉ាងណា លោក Zarif មិនបានជួបជាមួយ​លោក ដូណាល់ ត្រាំ នោះឡើយ ដោយសារលោកកំពុងស្ថិតនៅ​ក្នុងកិច្ចប្រជុំកំពូល G-7 ៕


ចែករំលែក៖