អន្ដរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសតាមរយៈបណ្តាញសង្គមថា លោកនឹងធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំមួយនៅឯបន្ទប់គ្រប់គ្រងស្ថានការណ៍ (Situation Room) នៃសេតវិមាននាថ្ងៃសុក្រនេះ ដើម្បីធ្វើការសម្រេចចិត្តជាចុងក្រោយ ថាតើត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអ៊ីរ៉ង់ដែរ ឬយ៉ាងណា។
នៅក្នុងការបង្ហោះសារនោះ លោក ត្រាំ បានរៀបរាប់ពីលក្ខខណ្ឌសំខាន់ៗដែលត្រូវតែមាននៅក្នុងកិច្ចព្រមព្រៀងនេះ រួមមាន៖ ការយល់ព្រមពីអ៊ីរ៉ង់ក្នុងការមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ, ការបើកច្រកសមុទ្រហ័រមូសឡើងវិញ, ការបោសសម្អាតគ្រាប់មីនចេញពីសមុទ្រ, ការបញ្ចប់ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក ព្រមទាំងការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកយកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់អ៊ីរ៉ង់ទៅកម្ទេចចោល។
លោក ត្រាំ បានសង្កត់ធ្ងន់នៅក្នុងសារនោះថា «នឹងមិនមានការទូទាត់សំណង ឬការដោះដូរជាសាច់ប្រាក់ណាមួយនោះទេ រហូតទាល់តែមានការជូនដំណឹងជាថ្មី។ ចំណែកឯចំណុចផ្សេងៗទៀតដែលមិនសូវសំខាន់ គឺត្រូវបានឯកភាពគ្នារួចរាល់ហើយ។ ឥឡូវនេះ ខ្ញុំនឹងចូលប្រជុំនៅក្នុងបន្ទប់ Situation Room ដើម្បីធ្វើការសម្រេចចិត្តជាស្ថាពរ»៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច