ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ក្រុមគ្រួសារ ខណៈដែលប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើផ្ទះ និងស្រែកហៅអ្នកភូមិនាំគ្នាប្រញាប់ប្រញាល ជួយសង្គ្រោះជីវិត ប៉ុន្តែអកុសលបានដាច់ខ្យល់បាត់ទៅហើយ ដោយក្រុមគ្រួសារអះអាងថា មានជំងឺព្យាបាលមិនជា ទើបសម្រេចចិត្តគិតខ្លីបែបនេះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីព្រឹក ស្ថិតនៅភូមិឈូកស ឃុំឈើទាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសសង្ស័យគិតខ្លីមានឈ្មោះ កែវ សត្យា អាយុ២១ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិឈូកស ឃំុឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ក្រោយពីមានសេចក្ដីរាយការណ៍ភ្លាមៗ សមត្ថកិច្ចនគរបាលស្រុកនគរបាលប៉ុស្តិ៍ និងគ្រូពេទ្យបានមកពិនិត្យសពខាងលើជាច្រើនម៉ោង ទើបសន្និដ្ឋានថា ជនរគ្រោះពិតជាយកក្រមាចងកសម្លាប់ខ្លួនឯងពិតមែន ដោយមិនមានស្លាកស្នាមថា ជារឿងឃាដកម្មអ្វីនោះទេ ។
តាមក្រុមគ្រួសារបានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសគាត់ជាមនុស្សស្លូតបូតណាស់ និងចេះជួយឪពុកម្ដាយមិនខ្លាចនឿយហត់ ប៉ុន្តែក្រោយមកកូន ក៏មានជំងឺខំព្យាបាលនៅមន្ទីរពេទ្យ នឹងផឹកថ្នាំជាប្រចាំដែរ ហើយនៅតែមិនធូស្រាលសោះទើបថ្ងៃកើតហេតុពេលព្រឹកគាត់ ក៏ឡើងទៅដាស់កូនដូចសព្វដងស្រាប់ប្រទះឃើញកូនបានយកក្រម៉ាចង និងផ្ទោងនៅលើផ្ទះក្នុងបន្ទប់របស់ខ្លួនស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏បានប្រគល់ឲ្យឪពុកម្តាយយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដីសោកសង្រេងបំផុត ៕ យឹម សុថាន