ខេត្តឧត្ដរមានជ័យ៖ ពលករខ្មែរឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់នៅក្នុងទឹកដីថៃចំនួនពីរូប រួចផុតទោសត្រូវបានអាជ្ញាធរថៃបានបញ្ជូនមកកម្ពុជាវិញ កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ តាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលថៃជូនមកតាមច្រកអន្តរជាតិជាំ ១,ឈ្មោះ ប៊ុន មៀន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិរការខ្នោ ឃុំបុស្សខ្នោ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចាប់ខ្លួនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើ ចូលតាមច្រកចាក់ច្រែង ជាប់គុកនៅខេត្តស៊ីសាកេត ប្រទេសថៃ ។ ២,ឈ្មោះ ជា តេវ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ៩៥ ឃុំត្រែងតាយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ចាប់ខ្លួនថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ពីបទឆ្លងដែនកាប់ឈើ ចូលតាមច្រកចាក់ច្រែង ជាប់គុក នៅខេត្តស៊ីសាកេត ប្រទេសថៃ ។
ក្រោយសមត្ថកិច្ចអប់រំរួចក៏បានឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន ៕ ប៉ែននួន