ព័ត៌មានទាន់ហេតុការណ៍៖

ជាងផ្សាដែកម្នាក់កំពុងឈរធ្វើការងារ ដួលដាច់ផ្ងារស្លាប់ភ្លាម

ចែករំលែក៖

ភ្នំពេញ៖ កម្មករជាងផ្សាដែកម្នាក់ ខណៈដែលកំពុងឈរធ្វើការងារក្នុងក្រុមហ៊ុន ស្រាប់តែងងិតមុខដួលបោកបែកក្បាល បត់កស្លាប់មួយរំពេច តែដោយមិនអស់ចិត្តកម្មករ ខាងក្រុមហ៊ុន បានដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន តែគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះស្លាប់បាតទៅហើយទើបអ្នកដឹកនាំយកទៅនោះ លួចហៅរថយន្តដឹកសពឯកជនផ្សេងទៀត ទៅដឹកសាកសព យកទៅវត្តកំបូលវិញ។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មកម្លេះនៅក្រុមហ៊ុន ជី សុី ប៊ត ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល តែលាក់បាំងព័ត៌មាន រហូតដល់វេលាម៉ោង១និង២០នាទីរសៀលថ្ងៃដដែល ទើបផ្អើលដល់ប្រជាពលរដ្ឋ ផ្អើលសមត្ថកិច្ច ចុះទៅសាកសួរ ដល់វត្តកំបូល ។

ជុំវិញករណី ស្លាប់ របស់ជនរងគ្រោះខាងលើ ទាំងខាងឡានដឹកសព ទាំងខាងក្រុមហ៊ុន ដែលជនរងគ្រោះធ្វើការ ដូចជាលាក់លៀមរឿង មិនដឹងថាមានអាថ៌កំបាំងអ្វី បានជាលាក់ម្លឹងៗ ខណៈដែលជនរងគ្រោះ មានស្នាមរយះក្បាល ដាបឈាម តែត្រូវបានគេថា ស្លាប់ដោយខ្យល់គរ ។

ជនរងគ្រោះ គ្រាន់តែស្គាល់ឈ្មោះ ទុយ ភេទប្រុស អាយុ៥៤ឆ្នាំ ជាកម្មករជាងផ្សាដែកនៅក្រុមហ៊ុនខាងលើ មានស្រុកកំណើតនៅខាងខេត្តកំពង់ឆ្នាំង ។

បើតាមឲ្យដឹងទាំងលាក់លៀមថា មុនកើតហេតុ ជនរងគ្រោះកំពុងឈរធ្វើការងារបណ្តើរ ឈរជជែកលេងជាមួយកម្មករផ្សេងបណ្តើរ ស្រាប់តែនៅវេលាម៉ោង១០និង៣០នាទី ជនរងគ្រោះខ្យល់គរ ដួលបោក ទើបបែកក្បាល ដោយរងរបួសធ្ងន់ ដឹកយកទៅពេទ្យតាមរថយន្តក្រុមហ៊ុន ទើបដល់មុខគ្លីនិកស្លាប់បាត់ ទើបដឹកតាមរថយន្តផ្សេងយកទៅវត្តកំបូលតែម្តង ។

ប៉ូលិសទាំងជំនាញ ទាំងមូលដ្ឋាន បានឲ្យដឹងថា គាត់មិនបានហៅឡានណាឲ្យមកដឹកសពឡើយ ។

ក្នុង ករណីស្លាប់បុរសខាងលើ ដូចលាក់លៀម ពីខាងក្រុមហ៊ុន តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចបើកស្រាវជ្រាវ ជុំវិញករណីខាងលើ ក្រោយពីក្បាលជនរងគ្រោះមានស្នាមរយះ ហូរឈាម សាកសពប៉ូលិសមិនទាន់ពិនិត្យកោសល្យវិច័យផង ត្រូវបានម្ចាស់ឡានដឹកសពចងរុំហើយស្រេច និងស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យ ៕សុខាសែនជ័យ​


ចែករំលែក៖