ព័ត៌មានទាន់ហេតុការណ៍៖

ទួលប្រាសាទបុរាណមួយកន្លែង​ ក្នុងស្រុកម៉ាឡៃ អ្នកភូមិក្នុងតំបន់មានជំនឿជឿជាក់ថា មានបារមីស័ក្តិសិទ្ធិ ក្រោយធ្វើពីធីបន់ស្រន់សុំទឹកភ្លៀង ក៏មានភ្លៀងធ្លាក់ ដើម្បីសង្រ្គោះដំណាំស្រូវ ជួបគ្រោះរាំងស្ងួត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អ្នកភូមិរស់នៅក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ ដំណាំស្រូវពួកគាត់នៅឆ្នាំនេះបានជួបគ្រោះរាំងស្ងួតប្រឈមរងការខូចខាត ដែលមានជំនឿអរូបិយបាននិមន្តព្រះសង្ឃ៤អង្គ ធ្វើពិធីបន់ស្រន់សុំទឹកភ្លៀងដើម្បីជួយសង្រ្គោះដំណាំស្រូវ នៅចំណុចទួលប្រាសាទបុរាណមួយកន្លែងក្បែរភូមិរបស់ពួកគាត់ក្រោយធ្វើពិធីបន់ស្រន់រួចនៅល្ងាចថ្ងៃដដែល ស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងធំនាំឲ្យពួកគាត់សប្បាយរីករាយហើយនាំគ្នារាំលេងសប្បាយទាំងមេឃកំពុងភ្លៀងនោះតែម្តង ។ ពិធីបន់ស្រន់បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដែលមានអ្នកភូមិចូលរួមប្រមាណជិត១០០នាក់ ។

បើតាមប្រភពព័ត៌មានពីអ្នកភូមិក្នុងភូមិទួលប្រាសាទប្រាប់ឲ្យដឹងថា ចំណុចទួលប្រាសាទ គឺមានប្រាសាទបុរាណចំនួន៤កន្លែងដែលអ្នកភូមិតែងនាំគ្នាថែរក្សាការពារអភិរក្ស ដើម្បីទុកជាកេមរតកសម្រាប់កូនចៅជំនាន់ក្រោយគោរពបូជា ។ ពីព្រោះទួលប្រាសាទនោះពួកគាត់ចាត់ទុកជាកន្លែងដែលមានមានបរមីស័ក្តិសិទ្ធិ អ្នកភូមិតែងមានជំនឿជឿជាក់នាំគ្នាមកបន់ស្រន់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងការបន់ស្រន់នោះភាគច្រើនឃើញបានដូចបំណង ។

អ្នកភូមិប្រាប់ទៀតថា អ្វីដែលជាការស័ក្តិសិទ្ធិធ្វើឲ្យអ្នកភូមិកាន់តែមានជំនឿលើបរមីទួលប្រាសាទបុរាណនោះផងដែរកន្លងមកមានជនខិលខូចដែលមានគំនិតអាក្រក់បានមកធ្វើសកម្មភាពកាប់ព្រៃដើម្បីទន្រ្ទានយកដីទួលប្រាសាទធ្វើជាកម្មសិទ្ធិ ប៉ុន្តែជាអកុសលជនខិលខូចនោះក្រោយពីកាប់ព្រៃនៅចំណុចនោះហើយដោយធ្វើដំណើរទៅធ្វើការនៅប្រទេសថៃក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ។ អ្នកភូមិនៅក្នុងតំបន់នេះជួបបញ្ហាអ្វីនៅក្នុងភូមិក៏តែងតែនាំគ្នាធ្វើពិធីបន់ស្រន់ដូចករណីដំណាំស្រូវជួបគ្រោះរាំងស្ងួតពួកគាត់ធ្វើពិធីសុំទឹកភ្លៀងក៏មានភ្លៀងធ្លាក់ពិតប្រាកដនោះមែន ។

ជុំវិញនៃទទួលប្រាសាទបុរាណដែលអ្នកភូមិនៅតំន់នោះកំពុងមានជំនឿលើបរមីស័ក្តិសិទ្ធិស្ថិតនៅក្នុងភូមិទទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ លោក យង់ តាំង កួយ ប្រាប់ឲ្យដឹងថា ទួលប្រាសាទបុរាណនៅចំណុចនោះមានប្រាសាទបុរាណ៤កន្លែង ។ កន្លងមកធ្លាប់មានជនខិលខូចបម្រុងទៅកាប់ឆ្ការព្រៃទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិតែត្រូវបានអាជ្ញាធរមូលដ្ឋានចុះទៅហាមឃាត់ ។ បច្ចុប្បន្នក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយ និងមន្រ្តីសូរិយោដី និងមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យបានចុះទៅវាស់វែងស្រង់ទិន្នន័យក្បាលដី ដើម្បីចុះក្នុងបញ្ជីទ្រព្យរដ្ឋសម្រាប់ទុកជាបេតិកភ័ណ្ឌជាតិក្នុងការថែរក្សាការពារអភិរក្សឲ្យបានគង់វង្សយូរអង្វែង ៕ សំ វិច្ឆិកា


ចែករំលែក៖