ខេត្តកពង់ស្ពឺ ៖ ដោយសារតែភ្លើង ប្រចណ្ឌ និងដោយសារឃើញប្តីស្រវឹងជោក ផងនោះ បានធ្វើឲ្យស្រី្តជាប្រពន្ធទប់ចិត្តមិនបាន ក៏លើកកាំបិតផ្គាក់និងពូថៅកាប់ប្តីចំកញ្ចឹងកខាងឆ្វេងបណ្តាលឱ្យស្លាប់នៅនឹងកន្លែងគួរឲ្យរន្ធត់ ហើយអំពើហិង្សាដោយចេតនានេះត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនស្រ្តីជាឃាតកបានភ្លាមៗដែរ ។
អំពើហិង្សាស្រ្តីកាប់សម្លាប់ប្តីមិនញញើតដៃនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទី ល្ងាចថ្ងៃ អាទិត្យ ១០រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ខែសីហាឆ្នាំ២០១៩ ស្ថិត នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកភ្នំស្រួច បានឲ្យដឹងធា ស្រ្តីជាឃាតក ឈ្មោះ លុយ អេង អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ និងជន រងគ្រោះជាប្តីឈ្មោះ សៅ ប៊ុនធឿន អាយុ ៤៧ឆ្នាំ រស់នៅភូមិជាមួយគ្នាក្នុងភូមិ-ឃុំ កើតហេតុខាងលើ។
តាមសាក្សីឃើញហេតុការណ៍នេះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ប្តីប្រពន្ធខាងលើបានឈ្លោះប្រកែកគ្នាខ្លាំងៗ គ្រាដែលបុរសជាប្តីស្រវឹងស្រាខ្លាំងដើរចូលផ្ទះ ប្រពន្ធសួរទើបមកពីណា ប្តីមិនឆ្លើយហើយទំនងជាប្រចណ្ឌប្តីខ្លាំងផងនោះស្រាប់តែស្ត្រីជាប្រពន្ធបានទាញកាំបិតផ្គាក់កាប់ទៅ លើប្តីចំថ្ពាល់ខាងឆ្វេង បណ្តាលឲ្យស្លាប់ ភ្លាមៗ រួចយកពូថៅវាយបន្ថែមទៀត ។
ស្ត្រីជនសង្ស័យខាងលើត្រូវបាននគរបាលឃាត់ខ្លួនជាមួយវត្ថុតាងមានកាំបិតផ្គាក់១ដើម និងពូថៅ១ដើមរួច នាំទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជា ឃាតកសម្លាប់ប្តីមិនញញើតដៃបានសារភាពថា ខ្លួនពិតជាបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះប្រាកដមែន ដោយ សារភ្លើងប្រច័ណ្ឌ។
បច្ចុប្បន្នស្រី្តជាឃាតកខាងលើ រួមទាំង វត្ថុតាង ត្រូវនគរបាលកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕ សហការី