កម្លាំងសន្តិសុខទីក្រុងប៉េកំាងសម្រេចឃុំខ្លួន សាស្ត្រាចារ្យសញ្ជាតិអូស្ត្រាលី ដើមកំណើតចិនម្នាក់ឈ្មោះ យ៉ាង ហេងជុន ដែលបានចាប់ឃាត់ខ្លួនជាច្រើនខែមកហើយ នៅទីក្រុងប៉េកាំង ។ នៅពេលនេះ ចិន បានប្រកាសចោទប្រកាន់ជាផ្លូវការ ពីបទធ្វើចារកិច្ចស៊ើបការសម្ងាត់ ប្រឆាំងនឹងរដ្ឋចិន។
ក្រសួងការបរទេសអូស្រ្តាលី បានសម្តែងការព្រួយបារម្ភ អំពីលក្ខខណ្ឌនៃការឃុំខ្លួន ហើយបានអំពាវនាវឲ្យអាជ្ញាធរចិន គោរពស្តង់ដារនៃប្រព័ន្ធយុត្តិធម៌ ដែលមានសុក្រិត្យភាព និងគោរពសិទ្ធិមនុស្ស ។ លោកស្រី Marise Payne រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានចេញសេចក្តីថ្លែងការណ៍ សម្តែងពីការព្រួយបារម្ភ ទាក់ទិននឹងលក្ខខណ្ឌដ៏លំបាក នៃការឃុំខ្លួនលោក Yang Hengjun ជនជាតិអូស្ត្រាលី ដើមកំណើតចិន។ លោកស្រីបន្ថែមថា កត្តាសុខភាពរបស់លោកសាស្ត្រាចារ្យ Yang Hengjun គឺមានលក្ខណៈគួរឲ្យព្រួយបារម្ភណាស់ ។
សូមបញ្ជាក់ថា បើផ្អែកតាមដំណឹងពីក្រសួងការបរទេសអូស្ត្រាលី លោកសាស្ត្រាចារ្យ Yang Hengjun ត្រូវបានគេចាប់ខ្លួន នៅខែមករាដើមឆ្នាំ២០១៩ ក្នុងពេលដែលលោកបានធ្វើដំណើរទៅដល់ក្រុងប៉េកាំង ។ ប្រភពដដែលបញ្ជាក់ថា ពីដំបូងលោកសាស្ត្រាចារ្យ ត្រូវបានគេបង្ខាំងខ្លួនឲ្យនៅក្នុងផ្ទះ ហើយសូម្បីតែក្រុមគ្រួសារ ក៏មិនអាចទៅសួរសុខទុក្ខបានដែរ ។ យ៉ាងណាមិញ ភរិយារបស់លោកសាស្ត្រាចារ្យ Yang Hengjun ក៏ត្រូវបានអាជ្ញាធរចិន ហាមឃាត់មិនឲ្យចាកចេញពីទឹកដីចិនដែរ ។ ទើបតែនៅថ្ងៃអង្គារទី២៧ សីហា រដ្ឋអាជ្ញាចិន បានសម្រេចបញ្ជូនខ្លួនលោកសាស្ត្រាចារ្យ Yang Hengjun ទៅមន្ទីរឃុំឃាំង ដោយចោទពីបទចារកិច្ចស៊ើបការណ៍សំងាត់ ប្រឆាំងនឹងរដ្ឋចិន។
មេធាវីរបស់លោកសាស្ត្រាចារ្យ Yang Hengjun បានអះអាងថា កូនក្តីលោក បដិសេធទាំងស្រុងនូវការចោទប្រកាន់នេះ។ ក្នុងវ័យ៥៣ឆ្នាំ លោកសាស្ត្រាចារ្យ ត្រូវបានគេស្គាល់ថា គឺជាអ្នកនិយមគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ក្នុងក្រសែភ្នែករដ្ឋចិន គឺមានន័យថាលោក គឺជាសកម្មជននយោបាយម្នាក់ ដែលប្រឆាំងនឹងចិន។ ក្រៅពីសកម្ម នៅលើបណ្តាញសង្គម ដូចជាទំព័រ Twitter ជាដើម លោក Yang Hengjun ធ្លាប់បានសរសេរនៅលើទំព័រ blog របស់លោក នូវអត្ថបទវិភាគ ស្រាវជ្រាវនានា ស្តីពីបញ្ហានយោបាយចិន ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ គឺលោកបានសរសេរ អំពីសកម្មភាពលូកដៃរបស់ចិន ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលី៕