ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខចិន សម្រេចឃុំខ្លួនចារកិច្ចជនជាតិអូស្រ្តាលី ដើមកំណើតចិន

ចែករំលែក៖

កម្លាំងសន្តិសុខទីក្រុងប៉េកំាងសម្រេចឃុំខ្លួន សាស្ត្រាចារ្យសញ្ជាតិអូស្ត្រាលី ដើមកំណើតចិនម្នាក់ឈ្មោះ យ៉ាង ហេងជុន ដែលបានចាប់ឃាត់ខ្លួន​ជាច្រើនខែមកហើយ នៅទីក្រុងប៉េកាំង ។ នៅពេលនេះ ចិន បានប្រកាសចោទប្រកាន់ជាផ្លូវការ​ ពីបទធ្វើចារកិច្ចស៊ើបការសម្ងាត់ ប្រឆាំងនឹងរដ្ឋចិន។

ក្រសួងការបរទេស​អូស្រ្តាលី បានសម្តែងការព្រួយបារម្ភ អំពីលក្ខខណ្ឌនៃការឃុំខ្លួន ហើយ​បាន​អំពាវនាវឲ្យអាជ្ញាធរចិន គោរពស្តង់ដារនៃប្រព័ន្ធយុត្តិធម៌ ដែលមានសុក្រិត្យភាព និងគោរពសិទ្ធិមនុស្ស ។ លោកស្រី Marise Payne រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានចេញសេចក្តីថ្លែងការណ៍ សម្តែងពីការព្រួយបារម្ភ ទាក់ទិននឹងលក្ខខណ្ឌដ៏លំបាក នៃការឃុំខ្លួន​លោក Yang Hengjun ជនជាតិអូស្ត្រាលី ដើមកំណើតចិន។ លោកស្រីបន្ថែមថា កត្តាសុខភាព​របស់​លោក​សាស្ត្រាចារ្យ Yang Hengjun គឺមានលក្ខណៈគួរឲ្យព្រួយ​បារម្ភណាស់ ។​

សូមបញ្ជាក់ថា បើផ្អែកតាមដំណឹងពីក្រសួងការបរទេសអូស្ត្រាលី លោក​សាស្ត្រាចារ្យ Yang Hengjun ត្រូវបាន​គេចាប់ខ្លួន ​នៅខែមករាដើមឆ្នាំ២០១៩ ក្នុងពេលដែលលោក​បានធ្វើដំណើរទៅដល់ក្រុងប៉េកាំង ។ ប្រភពដដែលបញ្ជាក់ថា ពីដំបូងលោក​សាស្ត្រាចារ្យ ​ត្រូវបានគេបង្ខាំងខ្លួនឲ្យនៅក្នុងផ្ទះ​ ហើយសូម្បីតែក្រុមគ្រួសារ ​ក៏មិនអាច​ទៅសួរសុខទុក្ខបានដែរ ។ យ៉ាងណាមិញ ភរិយារបស់លោក​សាស្ត្រាចារ្យ Yang Hengjun ក៏ត្រូវបានអាជ្ញាធរចិន ហាមឃាត់មិនឲ្យចាកចេញពីទឹកដីចិនដែរ ។ ទើបតែនៅថ្ងៃអង្គារទី​២៧ សីហា រដ្ឋអាជ្ញាចិន បានសម្រេចបញ្ជូនខ្លួនលោក​សាស្ត្រាចារ្យ Yang Hengjun ទៅមន្ទីរឃុំឃាំង ដោយចោទពី​បទចារកិច្ចស៊ើបការណ៍សំងាត់ ប្រឆាំងនឹងរដ្ឋចិន​។

មេធាវីរបស់លោកសាស្ត្រាចារ្យ Yang Hengjun បានអះអាងថា កូនក្តី​លោក បដិសេធទាំងស្រុងនូវការចោទប្រកាន់នេះ។ ក្នុងវ័យ៥៣ឆ្នាំ លោកសាស្ត្រាចារ្យ ត្រូវបានគេស្គាល់​ថា គឺជាអ្នកនិយមគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ក្នុងក្រសែភ្នែករដ្ឋចិន គឺមាន​ន័យ​ថា​លោក​ គឺជាសកម្មជននយោបាយម្នាក់ ដែលប្រឆាំងនឹងចិន។ ក្រៅពីសកម្ម នៅលើបណ្តាញសង្គម ដូចជាទំព័រ Twitter ជាដើម លោក Yang Hengjun ធ្លាប់​​បាន​សរសេរនៅលើ​ទំព័រ blog របស់លោក​ នូវអត្ថបទវិភាគ ស្រាវជ្រាវនានា ស្តីពីបញ្ហានយោបាយ​ចិន ហើយប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ គឺលោក​បាន​សរសេរ អំពី​សកម្មភាព​លូក​ដៃ​របស់​ចិន ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលី៕


ចែករំលែក៖