នៅលើពិភពលោកនេះ មានប្រទេសជិត២០០ ប្រទេស និងមានប្រជាជនរាប់ពាន់លាននាក់ ប៉ុន្ដែ រាល់ប្រទេសទាំងនោះ មានកម្រិតអភិវឌ្ឍន៍ខុសៗគ្នា ដោយខ្លះជាប្រទេសក្រីក្រ ខ្លះកំពុងអភិវឌ្ឍន៍ និងខ្លះទៀត ជាប្រទេសអភិវឌ្ឍន៍សម្បូរបែប។ តាមរយៈរបាយការណ៍ចាត់ចំណាត់ថ្នាក់ ពីស្ថាប័ន IMF លើចំណូលប្រជាជនម្នាក់ៗ ។
ខាងក្រោមនេះ គឺជាប្រទេសទាំង១០ ដែលមានប្រាក់ចំណូលខ្ពស់បំផុត
១, ប្រទេស Qatar ចំណូលប្រជាជនម្នាក់ៗ មាន ១២៤.៩៣០ ដុល្លារអាមេរិក
ប្រទេសមជ្ឈឹមបូពា៍តូចមួយនេះ ជារឿយៗតែងតែជាប់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសអ្នកមានបំផុតលើពិភពលោក ដោយមានប្រជាជនមានចំណូលខ្ពស់ជាងគេបង្អស់។ ប្រទេស Qatar មានប្រជាជនសរុបប្រមាណ ២,២៧ លាននាក់ ខណៈដែលប្រជាជនម្នាក់ៗ មានចំណូលប្រមាណ ១២៤.៩៣០ ដុល្លារអាមេរិក។ ប្រទេសនេះ មានការរីកចម្រើន ទោះត្រូវប្រឈមមុខនឹងតម្លៃប្រេងអ៊ីដ្រូកាបូនទាបក៏ដោយ ប៉ុន្ដែចំណូលធំបំផុតរបស់ប្រទេសនេះ គឺបានមកពីការនាំចេញប្រេងឆៅ។
២, ប្រទេស Luxembourg ចំណូលប្រជាជនម្នាក់ៗ មាន ១០៩.១៩០ ដុល្លារអាមេរិក
ប្រទេសដ៏តូចមួយនេះ មានប្រជាជនសរុបប្រមាណតែ ៦០ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្ដែ ចំណូលប្រជាជនម្នាក់ៗ របស់ប្រទេស Luxembourg មានខ្ពស់ជាង ១០ម៉ឺនដុល្លារអាមេរិក ដែលតាមគ្នាប្រកៀកប្រកិតនឹងប្រទេស Qatar ដែរ។ ដ្បិតតែប្រទេសនេះ មានប្រជាជនតិចតួចក៏ពិតមែន តែមានកម្លាំងពលកម្មដ៏រឹងមាំ ហើយកំណើននៅឆ្នាំ ២០១៦ កន្លងទៅ លើសពីកំណើនរបស់ EU ទៀតផង។ ទោះយ៉ាងណា IMF បានកត់សម្គាល់ថា ភាពមិនច្បាស់លាស់ នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) និងការកែប្រែនូវគោលនយោបាយរបស់ សហរដ្ឋអាមេរិក ក៏អាចនឹងធ្វើឲ្យទីផ្សារមានសភាពខុសប្រក្រតីផងដែរ។
៣, ប្រទេសសាំងហ្គាពួ ចំណូលប្រជាជនម្នាក់ៗមាន ៩០.៥៣០ ដុល្លារអាមេរិក
ប្រទេសដីកោះដ៏តូច ស្ថិតក្នុងតំបន់អាស៊ានមួយនេះ មានប្រជាជនប្រមាណ ៥,៦លាននាក់ ដែលគេតែងប្រៀបធៀបប្រទេសនេះទៅនឹងឋានសួគ៌ ដោយមានការអភិវឌ្ឍដ៏ស៊ីវិល័យ។ ប្រទេសនេះ ក៏ទើបត្រូវបានស្ថាប័នអន្តរជាតិមួយ បានចាត់ចំណាត់ថ្នាក់ថា ឈរក្នុងលំដាប់លេខ ៣ ជាប្រទេសដែលមានប្រជាជនមានជំនាញប្រើប្រាស់ភាសាអង់គ្លេសជាងគេបំផុតនៅលើពិភពលោកផងដែរ។
៤, ប្រទេស Brunei ចំណូលប្រជាជនម្នាក់ៗមាន ៧៦.៧៤០ ដុល្លារអាមេរិក
ប្រទេសនេះធ្លាប់ទទួលរងការធ្លាក់ចុះកំណើនសេដ្ឋកិច្ច នៅឆ្នាំ២០១៦ ប៉ុន្ដែបានងើបឡើងវិញខ្ពស់ជាងការរំពឹងទុក។ Brunei មានប្រជាជនប្រមាណតែ ៤០ម៉ឺននាក់ប៉ុណ្ណោះ ហើយចំណូលសំខាន់បំផុតរបស់ប្រទេសនេះ គឺបានមកពីការលក់ប្រេង ពោលគឺការនាំចេញប្រមាណជិត ៩០%របស់ប្រទេសនេះ គឺបានមកពីប្រេង និងហ្គាស។
៥, ប្រទេស Ireland ចំណូលប្រជាជនម្នាក់ៗ មាន ៧២.៦៣០ ដុល្លារអាមេរិក
ប្រទេសនេះ ឈរក្នុងចំណោមប្រទេសមួយ នៃទ្វីបអឺរ៉ុប ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតហើយក៏បានក្លាយជាប្រទេសអ្នកមានបំផុតលំដាប់ទី ៥ របស់ពិភពលោកផងដែរ។ ការចំណាយនានា ការវិនិយោគ និងសំណង់ បានជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ គួរឲ្យកត់សម្គាល់។
៦, ប្រទេស Norway ចំណូលប្រជាជនម្នាក់ៗ មាន ៧០.៥៩០ ដុល្លារអាមេរិក
មានប្រជាជនសរុបជាង ៥លាននាក់ ប្រទេសនេះ ធ្លាប់ទទួលរងឥទ្ធិពលអវិជ្ជមានដោយតម្លៃប្រេងធ្លាក់ចុះ កាលពីអំឡុង ៣ឆ្នាំមុន។ កំណើនសេដ្ឋកិច្ច របស់ប្រទេស Norway ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះទាបខ្លាំងបំផុត តាំងពីឆ្នាំ២០០៨ និង២០០៩ ដែលជាឆ្នាំវិបត្តិសេដ្ឋកិច្ចសកលកើតឡើង។ ទោះយ៉ាងណា ប្រទេសនេះ នៅតែរក្សាបានតំណែងជាប្រទេសអ្នកមានបំផុតទី ៦ នៅឆ្នាំ២០១៧។
៧, ប្រទេស Kuwait ចំណូលប្រជាជនម្នាក់ៗមាន ៦៩.៦៧០ ដុល្លារអាមេរិក
Kuwait មានប្រជាជនសរុប ៤លាននាក់ និងធ្លាប់ប្រឈមនឹងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចកាលពីឆ្នាំ២០១៦ ដោយសារតែតម្លៃប្រេង និងការផលិតប្រេងធ្លាក់ចុះ។ ប៉ុន្ដែ ប្រទេសនេះ នៅតែមានកំណើននៅក្នុងវិស័យដែលមិនមែនប្រេង ហើយវិស័យនេះ ត្រូវបាន IMF មើលឃើញថា នឹងនៅតែបន្ដកំណើនទៅមុខ។
៨, ប្រទេសអារ៉ាប់រួម (United Arab Emirates) ចំណូលប្រជាជនម្នាក់ៗមាន ៦៨.២៥០ ដុល្លារអាមេរិក
បើនិយាយពីឈ្មោះទីក្រុង ឌូបៃ ប្រហែលមានមនុស្សមិនតិចនោះទេដែលបានស្គាល់ ដែលវាជាទីក្រុងដ៏ទំនើបស៊ីវិល័យបំផុតមួយរបស់ប្រទេសអារ៉ាប់រួមនេះ។ សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានជំរុញពីក្រោយដោយទីផ្សារប្រេង ហើយប្រទេសនេះ ក៏ជាអ្នកផលិតប្រេងដ៏ធំជាងគេនៅលើពិភពលោកផងដែរ។ ដ្បិតតែ ធ្លាប់ជួបបញ្ហាទាក់ទងនឹងតម្លៃប្រេងធ្លាក់ថ្លៃកាលពីឆ្នាំ ២០១៦ ប៉ុន្ដែ កំណើននៃវិស័យមិនមែនប្រេង របស់ប្រទេស ដែលមានប្រជាជន ជាង ១០លាននាក់មួយនេះនៅតែមានភាពល្អប្រសើរ។
៩, ប្រទេស Switzerland ចំណូលប្រជាជនម្នាក់ៗ មាន ៦១.៣៦០ដុល្លារអាមេរិក
ប្រទេសនេះ មានប្រជាជនរស់នៅ ៨លាននាក់ ហើយកាលពីឆ្នាំ ២០១៥ ក៏ធ្លាប់ជួបវិបត្តិធំមួយផងដែរ ដោយធនាគារកណ្ដាល ត្រូវបាត់បង់ប្រាក់អស់ ៥២ពាន់លានដុល្លារអាមេរិក ទោះយ៉ាងណា រដ្ឋាភិបាលប្រទេសនេះ ក៏បានបន្ថែមនូវគោលនយោបាយថ្មីៗ ដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។
១០, ទីក្រុងហុងកុង (ប្រទេសចិន) មានចំណូលប្រជាជនម្នាក់ៗ ៦១.០២០ ដុល្លារអាមេរិក
ស្ថិតនៅក្រោមការគ្រប់គ្រងដោយប្រទេសចិន ហុងកុង បានឈរក្នុងលំដាប់លេខរៀងទី១០ ជាប្រទេសអ្នកមានបំផុតក្នុងពិភពលោក។ ហុងកុង មានប្រជាជនជាង ៧លាននាក់ និងជាបណ្ដុំពាណិជ្ជកម្មចម្រុះដ៏មមាញឹក ពិសេសគឺសំណង់ និងអចលនទ្រព្យ៕