ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័របើកលឿនមកដល់ចំណុចផ្លូវកោងដោយ បួងចង្កូតមិនទាន់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២៧១កែងនឹងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តម៉ាកហ្វ៊ុយហ្សូរ ពណ៌ស ជាប្រភេទ រថយន្តកុងតឺន័រដឹកក្តារកុងស្លាកកេ ពាក់ស្លាកលេខ ភ្នំពេញ 3B-4390 ។ ដោយបើកធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីស្តុបណូគាឆ្ពោះទៅស្ពានអាកាស ៧មករា យ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង ហើយរថយន្តដឹកធ្ងន់ផង ហើយ អ្នកបើកបរព្យាយាមបួងចង្កូត ដោយខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលឲ្យរថយន្ដខ្លោងក្រឡាប់ផ្ងារជើង រងការខូចខាត ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញចរាចរ ដើម្បីចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖