នៅពេលនេះអ៊ីរ៉ង់មិនមានទំនុកចិត្តនៅក្នុងកិច្ចពិភាក្សាជាមួយអាមេរិកនោះឡើយ ដោយអាមេរិក តែងតែក្រឡាស់សម្តី ។ ប្រធានាធិបតីអ៊ីរ៉ង់ បានដាក់លក្ខខណ្ឌ បើអាមេរិកចង់ពិភាក្សា គឺត្រូវតែលុបទណ្ឌកម្មលើអ៊ីរ៉ង់សិន ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក រ៉ូហានី បានបញ្ជាក់ថា អ៊ីរ៉ង់ និងមិនពិភាក្សាជាមួយអាមេរិកនោះឡើយ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មិនលុបចោលទណ្ឌកម្មមកលើទីក្រុងតេអ៊ីរ៉ង់ ។ ការលើកឡើងខាងលើនេះ បានកើតឡើង ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកបានត្រៀមលក្ខណៈពិភាក្សាគ្នាជាមួយ និងសមភាគីអ៊ីរ៉ង់ ។
ប្រធានាធិបតីអ៊ីរ៉ង់ បានបញ្ជាក់ នៅថ្ងៃទី២៧ ខែសីហា ថា អ៊ីរ៉ង់ នឹងមិនពិភាក្សាជាមួយអាមេរិកនោះឡើយ ប្រសិនបើអាមេរិក មិនលុបចោលទណ្ឌកម្មទាំងអស់ ដែលបានដាក់មកលើអីរ៉ង់ ។ កាលពីថ្ងៃទី២៦ ខែសីហា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា និងជួបជាមួយ ប្រធានាធិបតី រូហានី នៅពេលសមស្របណាមួយ ដើម្បីបញ្ចប់នូវវិវាទជុំវិញកម្មវិធីបរមាណូរបស់ប្រទេសអ៊ីរ៉ង់ ។
ដោយឡែលោកប្រធានាធិបតី អ៊ីរ៉ង់ រ៉ូហានី បានបញ្ជាក់ថា អ៊ីរ៉ង់បានត្រៀមលក្ខណៈពិភាក្សាគ្នា ប៉ុន្តែអាមេរិកត្រូវតែលុបទណ្ឌកម្មទាំងអស់មកលើប្រទេសអ៊ីរ៉ង់ជាមុនសិន ។
មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំ G7 ក្នុងទីក្រុង Biarritz ប្រទេសបារាំង លោកប្រធានាធិបតី ដូណាល់ ត្រាំ បានច្រានចោលនូវការលុបទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ។ ប្រធានាធិបតីអ៊ីរ៉ង់ និងសមភាគី អាចនឹងជួបពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ នាខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ៕