ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញចុះពីយន្តហោះ ដែលមកពីប្រទេសចិន ហើយនាងបានដើរក្នុងស្ថានភាពមិនប្រក្រតី ខណៈនោះបុគ្គលិកបម្រើការនៅព្រលានយន្តហោះបានសាកសួរទើបដឹងថា នាងមានសតិមិនប្រក្រតី ។ ប៉ុន្តែមិនមែនបានន័យថា នាងមានស្ថានភាពបែបនេះតាំងពីកំណើតមកទេ គឺនាងត្រូវបានគេធ្វើបាបរហូតក្លាយទៅជាមនុស្សបែបនេះ ព្រោះតែចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសចិន ។
នាងត្រូវបានគេប្រទះឃើញចុះពីយន្តហោះកាលពីវេលាម៉ោង១យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រហូតវេលាព្រឹក ថ្ងៃដដែលទើបរាយការណ៍ឲ្យនគរបាលប៉ុស្តិ៍កាកាប១ចុះទៅយកនាង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅជាប់ខ្លួនស្រ្តីរូបនេះមិនមានលិខិតឆ្លងដែនឬអត្តសញ្ញាណប័ណ្ណទេ គឺមានតែលិខិត១សន្លឹកដែលខាងប្រទេសចិនបញ្ជូននាងមក ហើយតាមរយៈលិខិតនោះមានសរសេរជាអក្សរចិនខ្លះ និងអង់គ្លេសខ្លះទើបស្គាល់ឈ្មោះរបស់នាង គឺឈ្មោះ តុន សោភ័ណ អាយុ៣២ឆ្នាំ ប៉ុន្តែមិនដឹងថា មានទីលំនៅក្នុងភូមិ ឃុំ ស្រុក ខេត្តណាឡើយ ។ ម្យ៉ាងទៀតនៅពេលសាកសួរនាង មិនបានចាំពីទីលំនៅដែលនាងរស់នៅឡើយ តែបាននិយាយថា នាងចាញ់បោកមេខ្យល់នាំយកទៅលក់នៅប្រទេសចិនរយៈពេល៥ខែមកហើយ និងត្រូវបានគេធ្វើបាបខ្លាំងណាស់ ។ ពេលនេះនគរបាលកំពុងស្រាវជ្រាវដើម្បីស្វែងរកក្រុមគ្រួសារទៅទទួលយកនាងត្រឡប់ទៅផ្ទះវិញហើយ ប៉ុន្តែពុំទាន់ដឹងថា រកឃើញឬមិនឃើញនៅឡើយ ៕ សុខាសែនជ័យ