ខេត្តកំពង់ស្ពឺ៖ ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងរងយន្តដឹកប្រេងខ្មៅ នឹងរយន្តដឹកទំនិញបណ្តាលឲ្យធ្លាយប្រេងពេញផ្លូវជាតិ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានអន្តរាគមន៍ផ្អាកចរាចណ៍ចៀងវាងមានគ្រោះថ្នាក់ជាយថាហេតុ និងបានបាញ់ទឹកលាងសម្អាតដើម្បីសម្រួលចរាចរណ៍ឡើងវិញ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង៣២នាទី ថៃ្ងទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណោតលោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នាបង្កឡើង ដោយរថយន្ដដឹកប្រេងខ្មៅក្រុមហ៊ុន PTT ប៉ះជាមួយរថយន្តដឹកទំនិញបណ្ដាលឲ្យធ្លាក់រថយន្ដពីលើផ្លូវ និងបង្កឲ្យធ្លាយប្រេងខ្មៅពេញផ្លូវជាតិ ។
ប្រភពបន្តថា មុនពេលកើតហេតុគេឃើញរថយន្តបែន១គ្រឿង ម៉ាក FUSO ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3A-1880 អ្នកបើកបរមិនស្គាល់ឈ្មោះរត់គេចខ្លួន បើកពីកើតទៅលិច មកដល់ចំណុចខាងលើ បានប៉ះជាមួយរថយន្ត០១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 3A-3815 ស៊ីទែនប្រេងលេខ 4A-1088 ដឹកប្រេងខ្មៅ អ្នកបើកបរឈ្មោះឃុំ វង់ ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិ ព្រៃសាក សង្កាត់ពោធ៍សែនជ័យ រាជធានីភ្នំពេញ បើកបរបញ្ច្រាសទិសគ្នាលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តទាំងពីរប៉ះគ្នាបណ្តាលឲ្យរថយន្តដឹកបែនរេចង្កូតធ្លាក់ពីលើផ្លូវ ចំណែករថយន្តដឹកប្រេងខ្មៅបានធ្លាយប្រេងហូរស្រោចពេញផ្លូវ ។
ក្រោយកើតហេតុសមត្ថកិច្ចបានបង្ខំចិត្តផ្អាកលែងឲ្យរថយន្តផ្សេងៗ ធ្វើដំណើឆ្លងកាត់ ព្រោះខ្លាចជួបហេតុការណ៍អាក្រក់ដោយចៃដន្យដោយសារតែប្រេងបានហូរពេញផ្លូវជាតិ ។ ក្នុងនោះផងដែរ សមត្ថច្ចបានអន្តរាគមន៍យករថយន្តបាញ់ទឹកមកបាញ់លាងសម្អាតប្រេងដែលហូរលើផ្លូវជាតិផងដែរ ។
ពេលនេះ សមត្ថកិច្ចកំពុងសម្រួល និងបើកឲ្យរថយន្តចរាចរណ៍ឡើងវិញ ក្រោយការវាស់វែង សមត្ថកិច្ចបាននាំយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី ៕ សេនាស័ក្តិ