ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌទួលគោកផ្អាកការដ្ឋានក្រុមហ៊ុន DNCជាសំណង់គ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោកបានសម្រេចឲ្យក្រុមហ៊ុនឈ្មោះ Discover New City (DNC) ដែលកំពុងសាងសង់អគារ គម្រោង អ៊ីធី DNC ហុង ឌីង ស៊ីង ធាន ទី (DNC Mall) ផ្អាកការដ្ឋានសំណង់ដោយរកឃើញថា ពុំទាន់មានច្បាប់អនុញ្ញាត។ នេះ បើតាមការបញ្ជាក់របស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក។

ការចុះផ្អាកការដ្ឋានរបស់ក្រុមហ៊ុនចិនមួយនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព្រោងព្រាត អំពីព័ត៌មានបែកធ្លាយថា ក្រុម​ហ៊ុនចិនឈ្មោះ Discover New City (DNC) សាងសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាតនោះ។ អាជ្ញាធរខណ្ឌទួលគោក សម្រេចចុះទៅផ្អាកការដ្ឋាននោះជាបណ្តោះ ដោយយកហេតុផលថា ឲ្យក្រុមហ៊ុនទទួលបានច្បាប់សាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមុនសិន។

សូមបញ្ជាក់ថា ក្រុមហ៊ុនចិនឈ្មោះ Discover New City (DNC) មានថៅកែ ឈ្មោះ LIAO JUNNA ភេទស្រី បានបើក ការដ្ឋានមួយកន្លែង បម្រុងសាងសង់អគារ DNC Mall មានកម្ពស់ច្រើនជាន់លើផ្ទៃដីទំហំជាង ៦០០០ម៉ែត្រការ៉េ នៅចំណុច អតីតមជ្ឈមណ្ឌលទួលគោក ស្ថិតនៅ តាមផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួល គោក រាជធានីភ្នំពេញ។

ប្រភពបែកធ្លាយឲ្យដឹងថា សំណង់ DNC ដែលអាចដំណើរការសាងសង់បាន ដោយគ្មានច្បាប់នេះ គឺដោយសារមានការ ផ្តល់លុយជាង ១ម៉ឺនដុល្លារ និងរថយន្តកូរ៉េ ១គ្រឿង។ ពាក់ព័ន្ធបញ្ហានេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ធ្លាប់ ប្រាប់អ្នកកាសែតថា ព័ត៌មានរឿងលុយ កាក់និងរថយន្តថា ក្រុមហ៊ុនចិនឈ្មោះ Discover New City (DNC) ប្រគល់ ជូនលោក ដើម្បីជាថ្នូរនឹងការបើកដៃឲ្យគេសាងសង់សំណង់ខុសច្បាប់នោះ គឺបាន បែកធ្លាយពីផ្ទៃក្នុងរបស់លោក ដែលលោក ហៅថា ជាពួក «ខ្មោចក្នុង»។

លោក ឯក ឃុនដឿន ធ្លាប់ទទួល ស្គាល់ថា ក្រុមហ៊ុន Discover New City (DNC) ពិតជាបានប្រគល់រថយន្តកូរ៉េ ១ គ្រឿងជូនសាលាខណ្ឌដើម្បីប្រើប្រាស់ក្នុងសកម្មភាពរបស់សាលាខណ្ឌក្នុងការបម្រើឲ្យផលប្រយោជន៍សាធារណៈ ប៉ុន្តែចំពោះ លុយជាង ១ម៉ឺនដុល្លារដែលមានការចោទ​ថា ក្រុមហ៊ុន Discover New City (DNC) ប្រគល់ជូនលោកដែរនោះ លោកមិនបាន ដឹង និងមិនបានទទួលនោះទេ។

លោក ឯក ឃុនដឿន ថែមទាំងសុំការសហការជាមួយអ្នកសារព័ត៌មាន ជួយរក មុខអ្នកណា ដែលហ៊ានយកលុយពីអ្នក វិនិយោគ ជាថ្នូរនឹងការផ្តល់សេវានេះថែមទៀតផង។

ពាក់ព័ន្ធករណីទាមទារសំណូកសូកប៉ាន់ពីអ្នកវិនិយោគស្រដៀងគ្នាបែបនេះ កាល​ពី​អំឡុងចុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់​ខ្លួន​ប្រធានមន្ទីរ, អនុប្រធានមន្ទីរ សុរិយោ​ដីខេត្តពោធិ៍សាត់ និងមន្ត្រីម្នាក់ទៀត បញ្ជូនទៅតុលាការតាមច្បាប់ បន្ទាប់ពីរក​ឃើញថា ពួកគេបានប្រព្រឹត្តបទល្មើសវីតិក្រម និងបទល្មើរំលោភអំណាច របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុងការអនុញ្ញាតនិងរត់ច្បាប់ឲ្យអ្នកវិយោគសាងសង់រោងចក្រជាថ្នូរនឹងប្រាក់សំណូក ដែលគិតទំហំលុយសូកប៉ាន់ក្នុងពេលកាន់តួនាទី គឺរង្វង់ ៤០ម៉ឺនដុល្លារ។

ប្រភពពីអាជីវករ និងក្រុមហ៊ុនបើក ស្ថានីយសាំង បានត្អូញត្អែរថា អង្គភាពភូមិ បាល និងក្នុងមន្ទីរដែនដី ក្រោមចំណុះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ទារប្រាក់សេវាខ្ពស់ណាស់ ជាថ្នូរ ក្នុងការចេញបែបបទអនុញ្ញាត ទាំងលើ សំណង់ការដ្ឋាន និងការចេញបណ្ណសម្គាល់កម្មសិទ្ធិអចលនទ្រព្យ។

កន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្នមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ធ្លាប់បានចេញលិខិតណែនាំដល់អភិបាល​រាជធានី-ខេត្ត ឲ្យពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើសំណង់ បន្ទាប់ពីបានពិនិត្យឃើញថាសំណង់មួយចំនួននៅតាមរាជធានី-ខេត្ត កំពុងដំណើរការដោយគ្មានលិខិតអនុញ្ញាត និងច្បាប់​ត្រឹមត្រូវ៕ ហេង នរិន្ទ្រ


ចែករំលែក៖