ព័ត៌មានទាន់ហេតុការណ៍៖

វិបត្តិគ្រួសារ ធ្វើឲ្យភរិយាបីកូនតូចមក លោតទឹកសម្លាប់ខ្លួននៅស្ពានព្រះមុនីវង្ស

ចែករំលែក៖

ភ្នំពេញ៖ មិនដឹងថាស្ត្រីជាភរិយាជួបនូវបញ្ហាចាក់ស្រេះយ៉ាងណាទេ បានជាសម្រេចទាំងអាល័យបីកូនតូចអាយុទើបតែ១ខួបមកលោតទឹកសម្លាប់ខ្លួនទាំងម្តាយនិងកូនតែមិនបានសម្រេចដោយសារសមត្ថកិច្ចប្រចាំការនៅគោលដៅស្ពានមើលឃើញអាកប្បកិរិយានារីរងគ្រោះខុសពីប្រក្រតីបីកូនដើរឡើងស្ពានមានទឹកមុខស្រងូតស្រងាតលាយឡំជាមួយ និងទឹកភ្នែកធ្វើអោយសមត្ថកិច្ចឃាត់ខ្លួនសួរនាំទើបដឹងថាប៉ុនប៉ងធ្វើអត្តឃាតដោយការលោតទឹក ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅលើស្ពានព្រះមុនីវង្សចាស់  សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ស្ត្រីដែលប៉ុនប៉ងសម្លាប់ខ្លួនមានឈ្មោះជា សុផាវង់ អាយុ ២៨ឆ្នាំមុខរបរជាមេផ្ទះ មានប្តីឈ្មោះលឹម ចាន់វាសនា អាយុ ៣០ឆ្នាំមុខរបរជាអាជីវករលក់មាសនៅផ្សារច្បារអំពៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា  មុនពេលកើតហេតុគេឃើញស្ត្រីខាងលើបានពរកូនប្រុសតូចអាយុ ១ ខួបនិងមានកាបូបស្ពាយមួយ​ បានដើរពីគល់ស្ពានឡើងទៅលើស្ពានព្រះមុនីវង្សចាស់និងសម្លឹងមើលទឹក​ ទាំងទឹកមុខស្រងូតស្រងាត់លាយឡំជាមួយទឹកភ្នែករលីងរលោង​ ដោយសមត្ថកិច្ចមានការសង្ស័យក៏ចាប់ស្ត្រីរូបនេះសួរនាំទើបដឹងថា ស្ត្រីរូបនេះមកលោតទឹកសម្លាប់ខ្លួនព្រោះតែខឹងប្ដីសុំលែង​ ប៉ុន្តែមិនដឹងថានារីរងគ្រោះជួបវិបត្តិផ្លូវចិត្តមានទំហ៊ំប៉ុណ្ណានោះទេបានជាសម្រេចចិត្តធ្វើបែបនេះ ។

បន្ទាប់ពីឃាត់ខ្លួនសួរនាំពីមូលហេតុសមត្ថកិច្ចក៏បានយកស្រ្តីនេះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២និងបានទាក់ទងទៅក្រុមគ្រួសារសាច់ញាតិនិងជាពិសេសប្ដីមកយកស្ត្រីជាប្រពន្ធហើយកូនត្រឡប់ទៅផ្ទះវិញ ៕ សណ្តោស


ចែករំលែក៖