ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ប្រពន្ធដើម ប្រពន្ធចុងមួយយប់យកមកសាកសួរ បន្ទាប់ពីលោកគ្រូបង្រៀនសម្បូរសេ្នហ៍ ត្រូវជនមិនមុខបាញ់ប្រហារ៣គ្រាប់បណ្ដាលឲ្យស្លាប់ នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ២៩ ខែសីហាឆ្នាំ២០១៩នេះថា កម្លាំងជំនាញបានហៅស្ត្រី២នាក់មកសាកសួរ ដោយម្នាក់ជាប្រពន្ធដើម និងម្នាក់ជាប្រពន្ធចុង ក្រោយពីមានជនមិនស្គាល់មុខបានបាញ់សម្លាប់ប្តី ដែលជាគ្រូបង្រៀនស្លាប់យ៉ាងអាណោចអាធ័មនៅក្បែរម៉ូតូរបស់ខ្លួន កាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូូវបេតុង ច្រកចូលឪកាសខ្ញុំ ប្រមាណ៥០០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក គួក សុខហួរ អធិការរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានប្រាប់(អង្គភាពនគរវត្ត)តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៩នេះថា កម្លាំងជំនាញបានសុំគោលការណ៍ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនស្រ្តី២នាក់មួយយប់ ដើម្បីសាកសួរលើករណីនេះនៅអធិការដ្ឋានខណ្ឌសែនសុខ ។ បន្ទាប់ពីធ្វើការសាកសួរស្រ្តីទាំង២នាក់នេះ ដោយស្រ្តីជាប្រពន្ធដើម បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុខពេលកើតហេតុ ប្តីរបស់ខ្លួនបានចេញពីផ្ទះតាំងពីព្រឹកថាទៅទិញអីហូប ស្រាប់តែបាត់រហូត លុះដល់ម៉ោងកើតហេតុទើបដឹងថាប្តីត្រូវគេបាញ់សម្លាប់បាត់ទៅហើយ ។

ដោយឡែកខាងប្រពន្ធចុង ក៏បានឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ចថា មុនកើតហេតុ គឺជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនម៉ាកហុងដាស្កូបពីជិះចេញពីផ្ទះរបស់ខ្លួននៅម្តុំព្រែកលាប ខណ្ឌជ្រោយចង្វា ថាមកផ្ទះប្រពន្ធដើមនៅសង្កាត់ឃ្មួញ លុះដល់ម៉ោងកើតហេតុទើបដឹងថាប្តីត្រូវគេបាញ់សម្លាប់តែម្តង ។ ដោយស្រ្តីទាំង២នាក់នេះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចបន្ថែមថា ប្តីរបស់គាត់គឺមានស្រីច្រើនណាស់មិនដឹងថា ទាក់ទងជាមួយអ្នកណាខ្លះទេ ។

សពជនរងគ្រោះមានឈ្មោះ រឿន រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជឫគ្រូបង្រៀនវិទ្យាល័យទួលប្រសាទ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

គួររំលឹកថា កាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូូវបេតុង ច្រកចូលឪកាសខ្ញុំ ប្រមាណ៥០០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីជនមិនស្គាល់មុខម្នាក់ បានធ្វើសកម្មភាពបាញ់សម្លាប់លោកគ្រូបង្រៀនម្នាក់ ស្លាប់យ៉ាងអាណោចអាធ័មនៅក្បែរម៉ូតូរបស់ខ្លួន ហើយជនដៃដល់រត់គេចខ្លួនបាត់ស្រមោល ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពី ពណ៍ស ពាក់ស្លាកលេខរតនៈគីរី1E-7838 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែត្រូវជនមិនស្គាល់មុខជិះម៉ូតូតាមពីក្រោយរួចបាញ់ប្រហារទៅលើរូបគាត់ចំនួន៣គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅលើដងផ្លូវក្បែរម៉ូតូរបស់ខ្លួន ។ចំណែកឯជនដៃដល់ក្រោយពីបាញ់សម្លាញ់ជនរងគ្រោះរួច បានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់នៅសំបកកាទុស្យចំនួនមួយនិងជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័ម ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌសែនសុខ បានចុះមកដល់ចំណុចកើតហេតុដោយយកខ្សែចងហ៊ុមពទ្ធ័ជុំវិញកន្លែងកើត ដើម្បីឲ្យមន្រ្តីជំនាញត្រួតពិនិត្យស្វែងរកវត្ថុតាងដែលឃាតកបន្សល់ទុក ។ បន្ទាប់ពីមន្រ្តីជំនាញចុះដល់ក៏ឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តសែនសុខ ដើម្បីងាយស្រួលត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ។

ពាក់ព័ន្ធករណីបាញ់សម្លាញ់មនុស្សខាងលើនេះ នគរបាលជំនាញបានសន្និដ្ឋានជំហានដំបូងថា សង្ស័យករណីគំនុំ ឬក៏អាចស្នេហាត្រីកោណផងដែរ ព្រោះជនរងគ្រោះមានស្រីច្រើន ហើយក៏មិនមែនជាករណីប្លន់នោះទេ ព្រោះជនសង្ស័យមានបានយកម៉ូតូជនរងគ្រោះនោះទេ ដោយជនសង្ស័យជិះម៉ូតូម្នាក់ឯងមកធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហ៊ួរ ម៉េង អធិការនគរបាលខណ្ឌ កំពុងតែយកចិត្តទុកដាក់ខ្ពស់និងស្រាវជ្រាវបន្តទៀតដើម្បីតាមចាប់ខ្លួនឃាតករដែលបាញ់សម្លាញ់មនុស្សមិនញញើតដៃខាងលើនេះអោយបានដើម្បីដាក់ទោសតាមច្បាប់ឲ្យបានបើទោះបីពេលនេះមិនទាន់មានពន្លឺយ៉ាងណាក្តី ៕ចន្ទ លីហ្សា


ចែករំលែក៖