ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវ​ប្រាប់​ច្រើន​ដង​ពេក លុះ​ឆែក​កាមេរ៉ា​សុវត្ថិភាព ផ្អើល​ព្រ​លាន​យន្តហោះ

ចែករំលែក៖

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៧ សីហា និង​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​សម​ត្ង​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ខេត្តសៀមរាប​បានបង្ក្រាប​បទល្មើស​ជាក់ស្តែង​មួយ​ករណី​គឺ​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត​ចំនួន​៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​លួច​ជា​ក្រុម (​ដោយ​ធ្វើ​សកម្មភាព​រ៉ូ​ត ឬ​ឆ្កឹះ​សោ​វ៉ាល្លីសរបស់​ភ្លៀវ​លួច​យក​សម្ភារៈ) ។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ សុខ សុ​ខន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត មាន​ទីលំនៅ​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ២-​ឈ្មោះ សុវណ្ណ វី​រះ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត ទីលំនៅ​ភូមិ​រកា សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប ។ ៣-​ឈ្មោះ រុណ រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​គោក​ត្នោត ឃុំ​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ។ ៤-​ឈ្មោះ ឌុ​ល សុវណ្ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប និង ​៥-​ឈ្មោះ រិ​ទ្ធ សា​រៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត ទីលំនៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ កន្លង​មក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត​ ខេត្តសៀមរាប​បាន​ទទួល​ព័ត៌មាន​ពី​ភ្ញៀវ​ជា​ញឹកញាប់​ដែរ​ថា ត្រូវ​ក្រុម​ជនសង្ស័យ​ខ្វេះ​វ៉ា​លី​លួច​យក​សម្ភារ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​ពី​ភ្ញៀវ​រួច​មក ធ្វើ​ឲ្យ​ខាង​ក្រុមហ៊ុន​យកចិត្តទុកដាក់ និង​តាមដាន​រាល់​សកម្មភាព​របស់​ជនល្មើស ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៣​ និង​២០​នាទី​ថ្ងៃ​ទី​២៥ និង​២៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ព្រ​លាន​យន្តហោះ​សៀមរាប ក្នុង​ប្រអប់​យន្តហោះ​ជា​កន្លែង​ដាក់​សម្ភារៈ ខណៈ​ពេល​នោះ​មាន​ភ្ញៀវ​បាត់​សម្ភារៈ​ដូច​សព្វមួយដង ទើប​ក្រុមហ៊ុន​បាន​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព​របស់​ព្រ​លាន​យន្តហោះ ដោយ​បានឃើញ​នូវ​សកម្មភាព​របស់​ក្រុម​ជនសង្ស័យ​លួច​ជាក់ស្តែង​ទៀត​ផង ។ ក្នុង​នោះ​កាលពី​វេលា​ម៉ោង​៣​ និង​១០​នាទី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៩ ឃើញ​ឈ្មោះ សុខ សា​ខន​, ឈ្មោះ រិ​ទ្ធ សា​រៃ និង ឈ្មោះ ឌុ​ល សុវណ្ណ បាន​ធ្វើ​សកម្មភាព​លួច​រ៉ូ​តវ៉ា​លី​យក​ទ្រព្យ​ស​ម្ប​ត្តរបស់​ភ្ញៀវ និង​នៅ​វេលា​ម៉ោង​៣​ និង​២០​នាទី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ ឃើញ​ឈ្មោះ រុណ រ៉ា​, ឈ្មោះ សុវណ្ណ វី​រះ និង​បក្ខពួក​ម្នាក់​ទៀត​ពុំ​ស្គាល់ឈ្មោះ​កំពុង​ធ្វើ​សកម្មភាព​លួច​ដូច​គ្នា​ផង​ដែរ ។

ក្រោយ​ពី​ឆែក​ឃើញ​តាម​កាមេរ៉ា​ជាក់ស្តែង​ហើយ ទើប​នៅ​វេលា​ម៉ោង​១​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ខាង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត បាន​ឃាត់ និង​នាំ​ខ្លួន​បុគ្គលិក​ទាំង​៥​នាក់​ខាងលើ​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

នៅ​ចំពោះ​មុខ​សមត្ថ​​កិច្ច ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ដូច​ការ​ចោទប្រកាន់​ប្រាកដ​មែន ។

ជនសង្ស័យ​ក៏​បាន​សារភាព​ទៀត​ថា នៅ​មាន​បក្ខពួក​ចំនួន​៤​នាក់​ទៀត​បាន​ចូលរួម​ធ្វើ​សកម្មភាព​លួចនេះ​ដែរ ដែល​ទាំង​៤​នាក់​នោះ​ក្រុមហ៊ុន​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ហើយ ។

តាម​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ​ក៏​បានឱ្យ​ដឹង​ដែរ​ថា ១-​ឈ្មោះ សុវណ្ណ វី​រះ បាន​ធ្វើ​សកម្មភាព​លួច​ចំនួន​ប្រមាណ​១០០​លើក ២-​ឈ្មោះ រុណ រ៉ា បាន​ធ្វើ​សកម្មភាព​លួច​ចំនួន​ប្រមាណ​៤០​លើក ៣-​ឈ្មោះ រិ​ទ្ធ សា​រៃ បាន​ធ្វើ​សកម្មភាព​លួច​ចំនួន​ប្រមាណ​១០០​លើក ៤-​ឈ្មោះ សុខ សុ​ខន ចូលរួម​ធ្វើ​សកម្មភាព​លួច​ញឹកញាប់ (​បាន​ចំណែក​) និង​៥-​ឈ្មោះ​ឌុ​ល សុវណ្ណ ចូលរួម​ធ្វើ​សកម្មភាព (​បាន​ចំណែក​) ។

សមត្ថកិច្ច​បានដក​វត្ថុ​តាង​ដូច​ជា​ប៊ិ​ច​មាន​ចុង​ស្រួច​រឹង​ចំនួន​៤​ដើម សំរាប់​ប្រើប្រាស់​ជា​ឧបករណ៍​ក្នុង​ការ​ចាក់​ឆ្កឹះ​កូនសោ ឬ​រ៉ូ​តវ៉ា​លី​យក​លុយ និង​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ ។ វត្ថុ​តាង​ទាំង​អស់នេះ រួម​ទាំង​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖