ខេត្តកំពង់ស្ពឺ៖ ស្ត្រីវ័យចំណាស់ជាម្តាយម្នាក់ បានស្លាប់ក្រោមកណ្តាប់ដៃកូនប្រុសអកត្តញូយ៉ាងអាណោចអាធ័ម ព្រោះតែខឹងរឿងសុំលុយយកទៅទិញថ្នាំញៀនជក់មិនបាន ។ បន្ទាប់ពីវាយសម្លាប់ម្តាយហើយ កូនប្រុសដ៏គម្រក់ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ ។
ហេតុការណ៍ កូនវាយសម្លាប់ម្តាយបង្កើតនេះកើតឡើងនាថ្ងៃទី 29 ខែសីហា ឆ្នាំ2019 នៅចំណុចភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាលស្រុកឧដុង្គបានឲ្យដឹងថា មានករណីឃាតកម្មមួយបានកើតឡើងដោយកូនប្រុស វាយម្តាយបណ្តាលឲ្យស្លាប់ ។
ប្រភពសមត្ថកិច្ចឲ្យដឹងថា ជនបង្កឈ្មោះ ភាញ ភី ភេទប្រុស អាយុ31ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានយកដំបងឈើជ្រុង វាយទៅលើម្តាយឈ្មោះ ឌុល រឿនអាយុ78ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា តាមការសាកសួរអ្នកជិតខាង គឺមុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងរៀបចំផ្ទះសម្បែង ស្រាប់តែលេចមុខកូនប្រុសមកសុំលុយ ពេលនោះម្តាយប្រាប់ថា មិនមានលុយនោះទេ ព្រោះគាត់ចាស់ហើយ ។
ប្រភពឲ្យដឹងទៀតថា នៅពេលដែលម្តាយប្រាប់ថា មិនមានលុយ ធ្វើឲ្យជនដៃដល់ខឹងសម្បាយ៉ាងខ្លាំង ហើយបានស្ទុះទៅយកដំបងមកដេញវាយម្តាយរហូតដាច់ខ្យល់ស្លាប់ នៅក្នុងដីឡូត៍មុខផ្ទះរបស់ខ្លួន ។
ក្រោយមក សមត្ថកិច្ចឃាត់ខ្លួនជនបង្ក ដែលជាមនុស្សញៀនថ្នាំ រូបនេះ ហើយបានឆ្លើយសាតរភាពថា មូលហេតុដែលគេវាយម្តាយបណ្តាលឲ្យស្លាប់ គឺព្រោះតែខឹងសុំលុយម្តាយមិនឲ្យ ទើបបង្កហេតុវាយម្តាយបែបនេះ ។
ក្រោយស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ