ព័ត៌មានទាន់ហេតុការណ៍៖

ក្តៅៗ ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សុខចិត្តចុះចាញ់ពីតំណែងជានាយករដ្ឋមន្ត្រី បើ សិនលោក សម រង្ស៊ី ចូលស្រុកថ្ងៃទី៩ វិច្ឆិកា ហើយចាប់មិនបាន

ចែករំលែក៖

ភ្នំពេញ៖ លោក សម រង្ស៊ី បានបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ភ្នាល់គ្នាថា បើសិន លោក ហ៊ានចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនោះ តើសម្តេចតេជោ យល់ព្រមចុះចេញពីតំណែងទេ ? ។

ឆ្លើយតបការភ្នាល់នេះ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែសីហា នេះ បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលស្និតនឹងរាជរដ្ឋាភិបាល ថា ៖

“ខ្ញុំយល់ព្រមទទួលការភ្នាល់ជាមួយអាម្សៀ រង្ស៉ី ប្រសិនបើអ្នកឯងជាន់ទឹកដីខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ហើយ ខ្ញុំចាប់អ្នកឯងមិនបានក្នុងរយៈពេល ២៤ម៉ោង ខ្ញុំនឹងសុខចិត្តចុះចេញពីតំណែង ។ ប៉ុន្តែបើខ្ញុំចាប់ខ្លួនអ្នកឯងបានវិញ អ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការចាត់តាំងទាំងឡាយណា ដែលអ្នកឯងបានបង្កើតឡើង ។ ផ្ទុយទៅវិញប្រសិនបើអ្នកឯងមិនក្លាហានហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិនហ៊ានចំពោះការភ្នាល់នេះ?” ។

ចំណុចមួយទៀតលើការស្បថ ប្រសិនបើអ្នកណាម្នាក់មិនគោរពលើការសន្យានៃការភ្នាល់នេះ ខ្ញុំសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោកផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យា និងក្រុមគ្រួសារទាំងពូជតែម្តង។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន ? ចំពោះការភ្នាល់នេះខ្ញុំសូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើជាសាក្សីចំពោះការភ្នាល់ និងសូមឲ្យ Fresh News ធ្វើជាអ្នកផ្សព្វផ្សាយលើការភ្នាល់នេះ” ។

ការយល់ព្រមទទួលភ្នាល់ជាមួយលោក សម រង្ស៉ី នៅពេលនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរបង្ហោះតាម Facebook និងគេហទំព័ររបស់ខ្លួន ជាមួយខ្លឹមសារថា ៖ “បើលោក ហ៊ុន សែន មិនជឿថាខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅថ្ងៃ៩ វិច្ឆិកា ២០១៩ នេះទេ តើលោក ហ៊ុន សែន យល់ព្រម ចុះចេញពីតំណែង ភ្លាមមួយរំពេចទេ នៅពេលដែលខ្ញុំមកជាន់ទឹកដីប្រទេសកម្ពុជាយ៉ាងជាក់ស្តែង នៅថ្ងៃ៩ វិច្ឆិកា ២០១៩ ខាងមុខនេះ?”៕


ចែករំលែក៖