ឥណ្ឌា និងប៉ាគីស្ថាន បានបង្ហាញពីសមត្ថភាពយោធា និងសព្វាវុធរបស់ខ្លួន ក្នុងពេលដែល ប្រទេសទាំងពីរកំពុងតែមានវិវាទនៅក្នុងតំបន់កាស្មៀរ។ ប្រទេសទាំងពីរមានកម្លាំងសព្វាវុធ ប្រហាក់ប្រហែលគ្នា ក្នុងនោះមានទាំងបរមាណូ ផងដែរ។
នៅពេលនេះដែរ ឥណ្ឌាក៏បានជំរុញទិញប្រព័ន្ធមីស៊ីលការពារដ៏ទំនើបពីប្រទេសរុស្ស៊ីដើម្បី ការពាររាល់ការវាយប្រហារណាមួយពីសត្រូវ។ ឥណ្ឌាបានបញ្ជូនប្រាក់កក់ជាមុន ទៅកាន់ ប្រទេសរុស្ស៊ី ដើម្បីធានាដល់ការលក់មីស៊ីល S-400 ។ សកម្មភាពខាងលើ របស់ឥណ្ឌាកើតឡើងក្រោយមួយថ្ងៃដែលប្រទេស ប៉ាគីស្ថានបានបាញ់មីស៊ីល ដែល មានសមត្ថភាព បំពាក់ ក្បាលគ្រាប់បរមាណូ ។
យោធាប៉ាគីស្ថាន បានប្រកាសនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ថា ខ្លួនទើបនឹងបាញ់សាក ល្បងមីស៊ីលបាលិស្ទីក រយៈចម្ងាយខ្លីប្រកបដោយជោគជ័យ។ ការបាញ់មីស៊ីលនេះ បានធ្វើ ឡើង នៅពេលយប់អធ្រាត្រ។ មីស៊ីលនោះ មានសមត្ថភាពនាំក្បាលគ្រាប់បែក ក្នុងចម្ងាយដីជិត៣០០គីឡូម៉ែត្រ។
ប្រព័ន្ធផ្សព្វផ្សាយរបស់យោធាប៉ាគីស្ថាន បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលទើបនឹងបាញ់សាក ល្បង នេះ មានសមត្ថភាពបញ្ជូនក្បាលគ្រាប់ជាច្រើនប្រភេទ ក្នុងចម្ងាយដីប្រហែល២៩០គីឡូម៉ែត្រ។ គ្រាប់ផ្លោងបាលិស្ទិកនេះ ជាមីស៊ីលបាញ់ចេញពីដីទៅលើដី។
ទាំងប្រធានាធិបតីប៉ាគីស្ថាន លោក Arif Alvi និងលោកនាយករដ្ឋមន្ត្រី Imran Khan ក៏ដូចជា មន្រ្ដីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការនេះ បានអបអរសាទរ និងស្ងើចសរសើរចំពោះសមត្ថភាពរបស់គ្រាប់ផ្លោងនេះយ៉ាងខ្លាំង ហើយថា នេះជាមោទកភាពរបស់ប៉ាគីស្ថានផងដែរ ដែលមាន អាវុធគ្រាប់ផ្លោងធុនទំនើបបែបនេះ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន។
សូមបញ្ជាក់ថា ក្រុមមន្រ្ដីជំនាញមីស៊ីលយុទ្ធសាស្ត្ររបស់ប៉ាគីស្ថាន បានខិតខំហ្វឹកហាត់ និង ធ្វើលំហាត់សមយុទ្ធ សាកល្បងបាញ់គ្រាប់ផ្លោងបាលិស្ទិកជាបន្តបន្ទាប់ នៅក្នុងអំឡុងពេល មួយរយៈចុងក្រោយនេះ ហើយការបាញ់សាកល្បងគ្រាប់ផ្លោង នាពេលយប់បែបខាងលើនេះ មិនដែលធ្វើឡើងនោះឡើយ ចំពេលដែលស្ថានការណ៍តានតឹងកំពុងស្រួចស្រាវជាមួយសត្រូវ ជិតខាងឥណ្ឌា។
ប៉ាគីស្ថានជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាច្រើនប្រភេទ ដែលមានសមត្ថ ភាព បញ្ជូនក្បាលគ្រាប់បែកបរមាណូ ទៅកាន់ក្នុងតំបន់ និងទៅកាន់អន្តរទ្វីបផងដែរ។
ចំណែកឥណ្ឌាវិញក៏មានអាវុធទំនើបៗជាច្រើនក្នុងនោះមានអាវុធ Brahmos មានល្បឿន លឿនជាងសំឡែង នឹងវាយប្រហារចំគោលដៅខ្ពស់ ។មីស៊ីលនោះ បានសហការផលិត ជាមួយរុស្ស៊ី។
នៅពេលនេះដែរ ឥណ្ឌាបានសម្រេចបញ្ជូនប្រាក់កក់ ទៅឲ្យរុស្ស៊ីជាមុន ដើម្បីទិញមីស៊ីល ការពារដ៏ទំនើប S-400 ។ការបញ្ជូនប្រាក់កក់ខាងលើដើម្បីធានាដល់កិច្ចព្រមព្រៀង ទិញមី ស៊ីល ខាងលើមិនមានការកែប្រែនោះឡើយ។
រដ្ឋាភិបាលទីក្រុងញូវដេលី បានយលព្រមទៅនឹងលក្ខខណ្ឌរបស់ ទីក្រុងមូស្កូ នៅក្នុងកិច្ច ព្រមព្រៀង ទិញមីស៊ីលការពារខាងលើ។ កន្លងមកក្រុមហ៊ុនផលិត សព្វាវុធរុស្ស៊ី បានទាម ទារឲ្យភាគីឥណ្ឌាត្រូវតែ ផ្តល់ប្រាក់កក់ជាមុន។
កាលពីខែកក្កដា កន្លងមកអគ្គនាយកក្រុមហ៊ុនផលិតសព្វាវុធការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ឥណ្ឌាចង់បានប្រព័ន្ធមីស៊ីលការពារ S-400 ដំបូង បង្អស់នៅក្នុងឆ្នាំ២០២០ ដូចដែលបាន ព្រម ព្រៀង ។ ដូច្នេះឥណ្ឌាចាំបាច់ត្រូវតែ បញ្ជូនប្រាក់កក់ជាមុនទៅឲ្យរុស្ស៊ី ។
នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដ៏ទំនើបរបស់រុស្ស៊ី S-400 នឹង បានទៅដល់ដៃឥណ្ឌា។ ប្រព័ន្ធមីស៊ីលការពារដែលឥណ្ឌាទិញពីរុស្ស៊ីមានតម្លៃសរុប ៦ពាន់លានដុល្លារ ហើយបានបញ្ជូនទៅឲ្យភាគី ឥណ្ឌាតាមដំណាក់កាល ក្នុងរយៈពេល៥ឆ្នាំ ។
អាមេរិកបានបញ្ចុះបញ្ជូលឥណ្ឌា ឲ្យឈប់ទិញមីស៊ីលពីរុស្ស៊ី ហើយអាមេរិកនិង លក់យន្តហោះ ចម្បាំងទំនើប F-35 និងមីស៊ីលដែលមានសមត្ថភាពដូចជាមីស៊ីលរបស់ រុស្ស៊ី S-400 ។ប៉ុន្តែ ឥណ្ឌា នៅតែបន្ត គោលដៅទិញមីស៊ីលពីរុស្ស៊ីដដែល។
ពាក់ព័ន្ធវិវាទរវាងឥណ្ឌានឹងប៉ាគីស្ថាន ឥណ្ឌាទទួលបានការគាំទ្រភាគច្រើនពីប្រទេសមហាអំណាចលោកខាងលិច ។ ចំណែកប៉ាគីស្ថានវិញទទួលបានការគាមទ្រពី ចិននិងរុស្ស៊ី ។ប៉ុន្តែចិនកំពុងវក់វីនឹងបញ្ហាហុងកុង ត្រូវបង្ខំចិត្តជួយប៉ាគីស្ថានដែលជាអតិថិជនអាវុធដ៏ចំបងផង និងដើម្បីសម្រេចបំណងពាណិជ្ជកម្មផ្លូវសូត្រថ្មីរបស់ខ្លួនផង ព្រមទាំងដើម្បីឱ្យប៉ាគីស្ថានជួយទប់ឥទ្ធិពលឥណ្ឌាដែលកំពុងរីកសាយភាយខ្លាំងនៅអាស៊ីអាគ្នេយ៍ផង។ តែចិនក៏មិនចង់បង្កើនសត្រូវស្វែងរកជម្លោះជាមួយឥណ្ឌាដែរ។
ចំណែករុស្ស៊ី ធ្លាប់មានសម្ព័ន្ធមេត្រីភាពជាមួយឥណ្ឌាតាំងពីយូរលង់មកហើយ។ រុស្ស៊ីជាអ្នកផ្គត់ផ្គង់អាវុធនិងមជ្ឈមណ្ឌលនុយក្លេអ៊ែរស៊ីវិលឱ្យឥណ្ឌាតាំងពីជាងកន្លះសតវត្សរ៍មក។ ប៉ាគីស្ថាន គ្រាន់តែជាមិត្តថ្មីថ្មោង ទើបមានកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីកាលពីឆ្នាំ២០១៧ប៉ុណ្ណោះ។
ខាងអឺរ៉ុប បារាំង-អង់គ្លេសវិញ ពួកគេសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងឥណ្ឌា។ អង់គ្លេសធ្លាប់ជាប្រទេសអាណានិគម ជាមេចំណែកពុះដី។ បារាំងទើបមានកិច្ចព្រមព្រៀងយក្សពីរជាមួយឥណ្ឌា។ រីឯអាមេរិក កំពុងមានជំហរពិបាកខ្លាំងជាងគេ។ អាមេរិក មិនដឹងត្រូវសម្រេចកាន់ជើងខាងណាទេ ឥណ្ឌាដៃគូជាអាទិភាពតាំងពីសម័យលោកប៊ូសមកដើម្បីទប់ចិន តែក៏ត្រូវការប៉ាគីស្ថានដើម្បីសន្តិភាពអាហ្វហា្កនីស្ថាន ដើម្បីបានដកកងទ័ពអាមេរិកត្រលប់មកវិញ៕