ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាល២ ខណ្ឌដូនពេញ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ បន្ទាប់ពីជននេះ បានដើរអុកឡុកតាមទីសាធារណៈ និងស្នាក់នៅអនាថា ។
យោងតាមប្រភពពីមន្រ្តីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បានទទួលជនជាតិចិនម្នាក់ ឈ្មោះ YU HONGPENG ភេទប្រុស អាយុ៣៤ឆ្នាំ ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាល២ ខណ្ឌដូនពេញ ឃាត់ខ្លួនពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ដើរអុកឡុកតាមទីសាធារណៈ និងស្នាក់នៅអនាថា ។
មន្រ្តីដដែលបន្តថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២.០៦.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ បច្ចុប្បន្នគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន គ្មានការងារធ្វើ និងស្នាក់នៅអនាថាតាមទីសាធារណៈ ។ បច្ចុប្បន្ន កំពុងឃាត់ខ្លួននិងបញ្ជូនទៅ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត ៕ ស រស្មី