ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនចោរគាស់ផ្ទះម្នាក់ ទៅតុលាការក្រោយគាស់ផ្ទះបានសម្រេចលួចលុយ១,០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនចោរគាស់ផ្ទះម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរបញ្ចប់នីតិវិធីកាលពីព្រឹកថ្ងៃ៣០ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព គាស់ទ្វារផ្ទះ លួចទ្រព្យសម្បត្តិពលរដ្ឋ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទីរសៀល ចំណុចផ្ទះលេខP1.15 ភូមិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានសម្រេចហើយគេចខ្លួនបាត់៣ថ្ងៃក្រោយទើបចាប់ខ្លួនបាន ។

️មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ សូ រដ្ឋា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន) ;និងបក្ខពួកម្នាក់ដែលរត់គេចខ្លួនបាត់មានឈ្មោះ ពុំ រតនា ភេទប្រុសអាយុ ២០ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោឈ្មោះ កែវ សុភាព ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខP1.15 ភូមិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីដដែលបន្តថា កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទីរសៀល នៅចំណុចផ្ទះលេខP1.15 ភូមិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះប្រជាពលរដ្ឋបានសម្រេច ហើយគេចខ្លួនបាត់ ។ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង១១និង១០នាទីព្រឹក ជនរងគ្រោះឃើញជនសង្ស័យ ក៏ដេញចាប់បានម្នាក់ឈ្មោះ សូ រដ្ឋា  ក្នុងចំណោមគ្នា២នាក់ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។ សម្ភារៈខូចខាត និងបាត់បង់មាន៖ ទ្វារដែកចំនួន២,ទ្វាកញ្ចក់ចំនួន១ ,ទូរទស្សន៍LCDចំនួន១គ្រឿង, ធុងហ្គាស់១.ខ្នងកង់ម៉ូតូចំនួ១, លុយ១០០០ដុល្លារ។សម្ភារ:បន្សល់ទុក៖ សោគាស់ខូចចំនួន១ , កញ្ចក់ ដោះស៊ុមចេញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់៕ សុខា សែនជ័យ


ចែករំលែក៖