ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញផ្ដល់បាឋកថា សំណេះសំណាល ជាមួយថ្នាក់ដឹកនាំមុស្លីមកម្ពុជាទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃចន្ទ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោកបណ្ឌិត មហាធា មហាម៉ាត់ Y.A.B TUN DR. MAHATHIR MOHAMAD នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមុស្លិមកម្ពុជាទូទាំងប្រទេស។

ពិធីនេះរៀបចំឡើងនៅ ឯសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដែលទទួលបដិសណ្ឋារកិច្ចដោយ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស មានការចូលរួមអមដំណើរដោយ ឯកឧត្តម Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ហើយក៏មាន វត្ត្មាន ចូលរួមពីលោកឧកញា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំខ្មែរឥស្លាមទូទាំងប្រទេស និងឥសរជននយោបាយមួយចំនួនផងដែរ។

ពិធីនេះផងដែរធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បណ្ឌិត មហាធា មហាម៉ាត់ Y.A.B. TUN DR. MAHATHIR MOHAMAD អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពូជា តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសន្ទរកថាស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយលោកបានថ្លែងថា លោកនៅចាំមិនភ្លេចទេ នៅអ្វីដែលជាការចែករំលែករបស់ ឯកឧត្តមបណ្ឌិតកាលពីឆ្នាំ ១៩៩៤ រយៈពេល ២៥ ឆ្នាំកន្លងទៅ ។

លោកបន្តថា៖ សមិទ្ធផល និងផ្លែផ្ការបស់សហគមន៍ឥស្លាមកម្ពុជាដែលទទួលបាននៅថ្ងៃនេះ ក៏មានចំណែករបស់ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី តាមរយៈការផ្ដល់អនុសាសន៍ ជាយុទ្ធសាស្ត្រ ក្នុងការកសាងខ្លួននិងសង្គមជាតិ។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំ អ្នកចូលរួម និងអង្គពិធីទាំងមូល នាយករដ្ឋមន្ត្រីដែលមានវ័យ៩៣ ឆ្នាំ បានមានប្រសាសន៍ថា លោកសូមអបអរសាទរ និងបងប្អូនសហគមន៍ឥស្លាមនៅកម្ពុជា ដែលស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នេះគឺជាស្ថានភាពមួយដែលខុសគ្នាឆ្ងាយ បើប្រៀបធៀបនឹងប្រទេសផ្សេងផ្សេងនៅលើពិភពលោក ។

លោកបន្តថា៖ មានប្រជាជនមូស្លីមចំនួន ៤ លាននាក់ ដែលភៀសខ្លួនចេញពីប្រទេសរបស់ខ្លួន ទៅសុំការជ្រកកោននៅខាងអឺរ៉ុប ហើយក៏មានមួយចំនួនបានចូលមកប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀតផងដែរ។

លោកបានបញ្ជាក់បន្ថែមទៀតថា ៖ លោកសូមកោតសរសើរ ចំពោះឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ និងបងប្អូនប្រជាសហគមន៍ឥស្លាមនៅកម្ពុជា ដែលបានប្រើប្រាស់ជីវិតរស់នៅដ៏ត្រឹមត្រូវ ចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល រក្សាបានសុខសន្តិភាព ស្ថេរភាព ភាតរភាពនៅក្នុងប្រទេសមួយនេះ៕ សំរិត


ចែករំលែក៖