ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រា ជិះម៉ូតូមិនបានប្រុងប្រយ័ត្នជ្រុលបុកម៉ូតូធំពីក្រោយស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈមនុស្ស២នាក់ទៀតបានរងរបួស ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូធំពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងិន សារ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជាងផ្សាដែក ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GX-1706 បើកបរតាមបណ្តយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង មានមុខរបរជាជាងផ្សាដែក សង្ស័យស្រវឹងស្រា ពេលមកដល់ចំណុចកើត ហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ម៉នស្ទើមីនី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1J-9067 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅស្របទិសគ្នា ជិះគ្នា២នាក់ហើយបំណងអែបស្តាំដៃ ដើម្បីចូលទៅទិញបាយហូប ស្រាប់តែម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ មកពីក្រោយ អកហ្សើ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកគូទពីក្រោយចំពេញទំហឹងបណ្តាលឲ្យដួលរងរបួសបែកមុខ បែកមាត់២នាក់ រីឯម្ចាស់ម៉ូតូហុងដាឌ្រីមវិញ បានបោកក្បាលស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុតែម្តង ចំណែកឯម្ចាស់ម៉ូតូម៉នស្ទើមីនីវិញ ក្រោយឃើញសភាពដូចនោះ បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ គេឃើញមានវត្តមានសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានមកដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវរកលេខទូរស័ព្ទរបស់ក្រុមគ្រួសារសពដើម្បីឲ្យមកទទួលយកសពទៅធ្វើបុណ្យ ។

ក្រោយពេលកើតហេតុ ម៉ូតូភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រីឯសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅទៅតាមប្រពៃណីព្រះពុទ្ធសាសនា ៕ ធឿនព្រែកជ័យ


ចែករំលែក៖