ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតឆ្នាំទី២ម្នាក់ ត្រូវរថយន្តដឹកខ្សាច់បើកបរបុកពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកខ្សាច់បត់ឆ្វេងចូលការដ្ឋានដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យយុវជនជានិស្សិតម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៣និង២០នាទី ទៀបភ្លឺ ឈានចូលថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ជា វិសាល អាយុ ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ជំនាញសំណង់សុីវិល ស្នាក់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិរំចេក៣ ឃុំរតនះ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យដឹង​ថា​មុនពេលកើត​ហេតុ​គេ​បាន​ឃើញ​យុវជន​ខាង​លើ​ ជិះម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​C125​ ស៊េរី​ឆ្នាំ​2019​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ បាត់​ដំ​បង​ 1L-5856 ជិះ​តែ​ម្នាក់​ឯង​ធ្វើ​ដំណើ​តាមបណ្តោយ​ផ្លូវ​៣៧១ ទិសដៅ​ពី​កើត​ទៅលិច​ ក្នុង​ល្បឿន​ធម្មតា​ ខណៈ​មកដល់ចំណុចកើតហេតុ​ក៏មាន​រថយន្ត​បែន​ដឹក​ខ្សាច់​ធន់​ធំមួយគ្រឿង​ មិន​ចាំស្លាកលេខ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​រងគ្រោះ​ ក្នុង​ល្បឿន​លឿន​​ក៏ជ្រុលទៅ​បុក​ម៉ូតូ​រងគ្រោះ​ពីក្រោយពេញ​ទំហឹង​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​ ជាប់​សពជនរងគ្រោះនឹងម៉ូតូ​ នៅ​នឹង​កន្លែង​កើត​ហេតុ​ ភ្លាមៗ​នោះ​ដែរ​រថយន្ត​បង្ក​ខាង​លើ​បាន​បត់​ឆ្វេង​ចូល​ទៅក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នោះ​ មួយ​សន្ទុះ​ក្រោយ​ក៏​បើក​ចេញ​មក​វិញ​គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ដោយ​សុវត្ថិភាព ​។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍បានចុះដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅសំបួរមាស៕ ភារ៉ា ដង្កោ


ចែករំលែក៖