ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ភាគខាងកើតអាមេរិក​បានជម្លៀសពលរដ្ឋ ខណៈព្យុះ Dorian ​បានសម្លាប់មនុស្ស​៥នាក់នៅ​ Bahamas

ចែករំលែក៖

ព្យុះ​Dorian ​ដែលជាព្យុះកំណាច់ទ្រង់ទ្រាយធំបំផុតវាយប្រហារអាមេរិកនៅក្នុងឆ្នាំនេះ​ ដែល​គេហៅឈ្មោះថា ជា«បិសាច Dorian»​​កំពុងតែវាយប្រហារ Bahamas ​បណ្តាលឲ្យ​មាន​មនុស្ស​​​៥នាក់ស្លាប់ និងរាប់សិបនាក់រងរបួស​ ។

ខ្យល់ព្យុះបិសាច Dorian នេះ បានបោកបក់ទៅលើដែនកោះ Bahamas តំបន់ការ៉ាបៀន ហើយមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វាបានបង្កឲ្យទឹករលកសមុទ្រធំៗ បោកផ្ទប់ច្រាំង និងខ្យល់កួច​យ៉ាងសាហាវ​បំផុត ​នៅក្នុង​ទីប្រជុំជន​នោះ បណ្តាលឲ្យមនុស្ស​៥នាក់​ ស្លាប់ និងបានជំរុញ​ឲ្យមានការជម្លៀស​ប្រជាជន ​នៅតាមតំបន់ឆ្នេរសមុទ្រអាម៉េរិក​ខាងកើត ថែមទៀតផង ។

នាយករដ្ឋមន្ត្រី Bahamas លោក Hubert Minnis បានហៅព្យុះសង្ឃរានេះថា​ នេះជាសោក នាដកម្ម​ជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសប្រជុំកោះមួយនេះ ។ លោកនាយករដ្ឋមន្រ្ដី បាន បញ្ជាក់ថា រហូតមកដល់ពេលនេះ កង​កម្លាំងប៉ូលិស​ បានបញ្ជាក់ថា មានមនុស្ស៥នាក់ ​បានបាត់បង់ជីវិត ស្ថិតនៅតំបន់ Abaco ។ តំបន់នោះ ត្រូវខ្យល់ព្យុះបិសាច Dorian បក់ បោកទៅលើ កាលពីពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ហើយនវជាខ្យល់ព្យុះ​ប្រភេទទី៥ ដែល មាន កម្លាំងខ្លាំង ក្នុងល្បឿន២៩៩គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

រហូតមកដល់ថ្ងៃទី២ ខែកញ្ញា ខ្យល់ព្យុះនេះ​បានថយឥទ្ធិពល ​មកនៅត្រឹមជាប្រភេទ ខ្យល់ ព្យុះលេខ​៤វិញ ប៉ុន្តែវា​នៅតែជាការគំរាមកំហែង​ និងបំផ្លិចបំផ្លាញដដែល ។ កម្លាំង ខ្យល់នេះ មានល្បឿនបោកបក់​ជាង២៣៣គីឡូម៉ែត្រ ​ក្នុងមួយម៉ោង ។ ខ្យល់ព្យុះកំណាចនេះ មិនត្រឹម តែបោកបក់មកយ៉ាងខ្លាំងប៉ុណ្ណោះទេ តែថែមទាំង​នាំភ្លៀងធ្លាក់មក យ៉ាងច្រើនទៀតផង ។

ជាមួយគ្នានេះ មន្រ្ដីកាកបាទក្រហម​ បានប៉ាន់ប្រមាណជាបឋមថា អគារ​លំនៅឋាន ​ប្រហែល ១៣ ០០០ រងការខូចខាត ​ដោយសារខ្យល់ព្យុះ Dorian នេះ ។

ទោះជាយ៉ាងណា ទាក់ទង​នឹងខ្យល់ព្យុះ Dorian ខាងលើនេះដែរ រដ្ឋភាគខាងកើត នៃ​អា ម៉េរិក​ចំនួន​៣ ដែលមានប្រជាពលរដ្ឋរស់នៅតាមឆ្នេរឈូងសមុទ្រនោះ ត្រូវបានជម្លៀស​ចេញប្រហែល​១លាននាក់ ។ រដ្ឋជិតខាង North Carolina បានប្រកាស​អាសន្ន ហើយរហូតដល់ចុងខាងជើង នៃ​រដ្ឋ Virginia ថែមទៀតផង៕


ចែករំលែក៖