ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលក្រោយពីអតីតារាសម្តែងស្រី ស៊ុំ សុម៉ាលី បានបង្ហាញសារ និងទម្លាយរឿងរ៉ាវស្វាមីមានស្រីថ្មីក្បត់ចិត្តខ្លួនទៅមានស្រីម៉ាស្សាខាងក្រៅ ។ ការទម្លាយនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងព្រោះតែនាងឆ្អែតចិត្តនឹងស្វាមីដែលធ្លាប់កម្សត់កម្រតស៊ូជាមួយគ្នារាប់ឆ្នាំ ។
គេចាំបានថា ស៊ុំ សុម៉ាលី ក្រោយពីរៀបការជាមួយស្វាមីដែលជាអ្នកលក់បាយឆានៅមុខរោងកុនអង្គររួចមក នាងក៏បានឈប់ពីសិល្បៈទាំងស្រុង ដើម្បីសាងសុភមង្គលជាមួយស្វាមីជាទីស្រឡាញ់ ហើយសព្វថ្ងៃនាងមានកូនស្រីម្នាក់ជាចំណងដៃ ។ ទោះជាយ៉ាងណាចំណងស្នេហ៍ដែលធ្លាប់តែមានគេច្រណែននេះបានប្រះស្រាំក្រោយពីនាងបានទម្លាយរឿងប្តីមានស្រីថ្មីខាងក្រៅរហូតនាងទម្លាយរឿងតាមទាន់ប្តីកំហូចរូបនេះ ។ ទ្រាំរហូតដល់គ្រាំទ្រូងលែងបាន ស៊ុំ សុម៉ាលីបានលើកឡើងថា មកដល់ពេលនេះពាក្យថា ខ្មាសសម្រាប់នាង ហើយវាលែងមានទៀតហើយ ព្រោះវាពិតជាឈឺសាហាវ ក្រោយនាងតាមទាន់ប្តីមានស្រីខាងក្រៅទាំងមានភស្តុតាងការឆាតសាសងគ្នានេះ ។ នាងថាខ្វះអីស្រីល្អគគោកម្តេចមិនទាក់ទងទៅទាក់ទងស្រីម៉ាស្សា ទាំងមិនទាន់លែងលះគ្នាដាច់ស្រេច ។ នាងថាពិតជាឆ្អែតនឹងទង្វើស្វាមីទើបសម្រេចចិត្តទម្លាយរឿងនេះជាសាធារណៈ ។ ការទម្លាយនេះក៏បញ្ជាក់ពីការបែកបាក់គ្រួសារមួយទាំងស្រុងមិនអាចវិលក្រោយវិញបាន ។
គួរបញ្ជាក់ដែរថាតារាសម្តែងស្រីស្រស់សោភានាង ស៊ុំ សុម៉ាលី បានសម្រេចទទួលយកស្នេហ៍ និងបានរៀបការជាផ្លូវការជាមួយនឹងបុរសរូបសង្ហាក្រៅសិល្បៈឈ្មោះ មាស ទី ជាអ្នករកស៊ីលក់មីឆាល្បីឈ្មោះម្នាក់នៅម្តុំផ្សារអូរឫស្សីកាលពីអំឡុងចុងឆ្នាំ២០១៤មកម្ល៉េះ ។ ក្រោយរៀបការនាងបានសម្រេចចិត្តផ្អាកស្ទើរតែទាំងស្រុងនូវការងារសិល្បៈដោយសម្រេចចិត្តបង្កើតមុខរបរជាមួយប្តីនៅតំបន់លក់មីឆាដ៏ល្បីល្បាញនៅជិតអតីតរោងកុនអង្គរ ។ ទោះជាអាជីវកម្មរីកចម្រើនក្តីប៉ុន្តែស្នេហានាងទើបបានជួបនឹងរឿងរ៉ាវរកាំរកូសនេះដែលនាងដាច់ចិត្តទម្លាយ៕ វឌ្ឍនា