ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ កំណែទម្រង់​នៅក្រសួង​សាធារណការ ធ្វើឲ្យជ្រួល

ចែករំលែក៖

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកយុទ្ធនាការ​គគ្រឹកគគ្រេង​​ក្នុងការ​ដក និងផ្លាស់ប្តូរ ប្រធានមន្ទីរ​នៅតាមបណ្តា​ខេត្តមួយចំនួន ។ ក្រុមមន្ត្រី​នៅក្នុងក្រសួង​អះអាងថា នោះជាផែនការ​នៃកំណែទម្រង់​របស់ក្រសួង​ដើម្បី​រួមចំណែកលុបបំបាត់​អំពើពុករលួយ​ផង និង​ពង្រឹងប្រសិទ្ធភាពការងារផង ។ ផ្តើមចេញពីការដកតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ឥឡូវនេះឈានដល់ខេត្តសៀមរាប, ត្បូងឃ្មុំ, ក្រចេះ… និងមានជាបន្តបន្ទាប់ទៀត​ ។ ការដកតំណែង​មន្ត្រីអសកម្ម ហើយដាក់​មន្ត្រីសកម្មចូលទៅបម្រើការងារនោះ វាជារឿង​ដែលគួរឲ្យអបអរសាទរ ។

ប៉ុន្តែការផ្ទេរតំណែង​ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ លោក គី វីរិន្ទ ឲ្យទៅកាន់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប គឺជាការវែងផ្លូវ​ឲ្យលោក គី ដាណារិទ្ធ ដែលជាក្មួយលោក គី វីរិន្ទ បានឡើងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំតែប៉ុណ្ណោះ ។ ការដកប្រធានមន្ទីរសាធារណការ ខេត្តក្រចេះ គឺ​ទុកចន្លោះ​មួយ​ឲ្យឱកាសមន្ត្រីបាន​ឡើងកាន់​តំណែង​ជាប្រធានមន្ទីរសាធារណការ​ខេត្តឧត្តរមានជ័យ នៅគ្រាដែលប្រធាននេះ​ត្រូវឡើងមកកាន់ខេត្តត្បូងឃ្មុំ ។ បើតាមមន្ត្រីក្រសួង​សាធារណការ ប្រធានមន្ទីរសាធារណការខេត្តក្រចេះ មិនមែនអសកម្ម​ដូច​ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ដែលសមនឹងដក​នោះទេ ។ ប៉ុន្តែ​នេះគេហៅថា កំណែទម្រង់ដើម្បីប្រសិទ្ធភាពការងារ ។ ការដកលោក​ គី វីរិន្ទ ដោយដំឡើងក្មួយ​ឲ្យធ្វើជាប្រធានមន្ទីរ ក៏ជា​ចំណែកមួយនៃកំណែទម្រង់នោះដែរ ។

គេមិនដឹងថា តើប្រធានមន្ទីរណាខ្លះ​ដែលត្រូវមានឈ្មោះក្នុងកំណែទម្រង់នោះទេ ។ ប៉ុន្តែ​ប្រធានមន្ទីរដែល​អសកម្ម​មើលឃើញនឹងភ្នែក​មានច្រើនគគោក ដូចជា​ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ដែលផ្លូវក្នុងខេត្តមិនឃើញមានការជួសជុលអ្វីបន្តិចបន្តួចនោះឡើយ ពោលគឺ​មានតែខូច ហើយមិនព្រមជួសជុល ។ ប្រធានមន្ទីរសាធារណការ​ខេត្តកែប ក៏ដូចគ្នានេះដែរ… ប្រធានមន្ទីរសាធារណការ​ខេត្តពោធិ៍សាត់… សុទ្ធតែ​ជាមន្ត្រីអសកម្ម ដែល​ត្រូវដកមុន​ប្រធានមន្ទីរ​ខេត្តសៀមរាប ឬខេត្តក្រចេះនោះទៅទៀត ។ ប្រភពរាយការណ៍ថា ការដកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ​មានការគាំទ្រ ប៉ុន្តែខេត្តក្រោយៗមកទៀត គឺហាក់ដូចជាបក្ខពួកនិយម លាយឡំដោយអំពើពុករលួយ ៕


ចែករំលែក៖